បាត់ដំបង៖ ឱកាសមាសសម្រាប់អតីតពលករ! ពិព័រណ៍ការងារ ប.ស.ស. ផ្ដល់ការងារជាង ១.១ម៉ឺនកន្លែង និងជំនាញឥតគិតថ្លៃ

បាត់ដំបង៖ ឱកាសមាសសម្រាប់អតីតពលករ! ពិព័រណ៍ការងារ ប.ស.ស. ផ្ដល់ការងារជាង ១.១ម៉ឺនកន្លែង និងជំនាញឥតគិតថ្លៃ

(បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំយ៉ាងឱឡារិកនូវ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” ឡើងនៅខេត្តបាត់ដំបង។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្ដមបាននាំមកនូវដំណឹងដ៏រីករាយ ដោយផ្ដល់ជូនឱកាសការងារសរុបប្រមាណជាង ១១,០០០ (មួយម៉ឺនមួយពាន់) កន្លែងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ។ មិនតែប៉ុណ្ណោះ ក៏មានការចែករំលែកព័ត៌មានលម្អិតស្ដីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ក៏ដូចជាព័ត៌មានស្ដីពីការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរ។

ថ្លែងក្នុងសុន្ទរកថានាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការជ្រើសរើសធ្វើការងារនៅក្នុងប្រទេសខ្លួនឯង គឺមានភាពល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ច្រើនជាងការទៅធ្វើការនៅប្រទេសថៃ។ ជាក់ស្ដែង បងប្អូននឹងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. ដូចជា ការព្យាបាលជំងឺដោយឥតគិតថ្លៃពេលឈឺ ឬពេលមានគ្រោះថ្នាក់ការងារ ទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ពេលចាស់ជរា។ លើសពីនេះ បងប្អូនអាចរស់នៅជួបជុំក្រុមគ្រួសារជាទីស្រលាញ់ អាចចូលរួមពិធីបុណ្យប្រពៃណីជាតិ និងពិធីជួបជុំនានាបានយ៉ាងពេញលេញ។ ម្យ៉ាងវិញទៀត ដោយសារយើងជាខ្មែរដូចគ្នា គឺមានភាពងាយស្រួលក្នុងការទំនាក់ទំនង យោគយល់ និងជួយគ្នាទៅវិញទៅមក ជាពិសេសនៅកន្លែងធ្វើការ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងារដ៏ធំនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គឺធ្វើនៅបរិវេណវត្តថ្មគោល ជិតរង្វង់មូលថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង។ រីឯនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងបន្តរៀបចំនៅទីធ្លាសាធារណៈ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ សូមកុំភ្លេចអញ្ជើញចូលរួម ដើម្បីទទួលបានការប្រឹក្សាយោបល់ភ្លាមៗ។ បងប្អូនក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ Hotline ១២៩៧។ ចំពោះចម្ងល់ផ្សេងៗដែលទាក់ទងនឹងអត្ថប្រយោជន៍របបសន្តិសុខសង្គម បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ Hotline ១២៨៦ ឬតាមបណ្ដាញសង្គមផ្លូវការរបស់ ប.ស.ស.។









ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

administrator

Related Articles