ព្រឹទ្ធសភាកម្ពុជា ទទួលអំណោយមនុស្សធម៌ជាង ២,៤ លានដុល្លារ ពីមូលនិធិ GLS កូរ៉េ ដើម្បីជួយជនងាយរងគ្រោះ

ព្រឹទ្ធសភាកម្ពុជា ទទួលអំណោយមនុស្សធម៌ជាង ២,៤ លានដុល្លារ ពីមូលនិធិ GLS កូរ៉េ ដើម្បីជួយជនងាយរងគ្រោះ

ភ្នំពេញ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី១៤ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing – GLS) នៃសាធារណរដ្ឋកូរ៉េ រួមជាមួយបណ្ដាមិត្តដៃគូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជំនួយដ៏មានតម្លៃនេះ ត្រូវបានសម្របសម្រួលដោយលោក សុខ សំណាង ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា។ ការទទួលជំនួយនេះ ធ្វើឡើងតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិ GLS។

ជំនួយមនុស្សធម៌លើកទី១៤នេះ មានតម្លៃប្រមាណជាង ២,៤ លានដុល្លារសហរដ្ឋអាមេរិក រួមមាន ថ្នាំពេទ្យ សម្ភារៈវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈជួយសង្គ្រោះផ្សេងៗ ដែលជាអំណោយពីមូលនិធិ GLS កូរ៉េ និងសហការី។ ដៃគូសហការដ៏សប្បុរសធម៌រួមមាន លោកឧកញ៉ា សុខ សីលា, ភេសជ្ជៈយ៉ិនសិនកូរ៉េ Achimmdang Red Ginseng OKTA ភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K., ការិយាល័យមេធាវី One Asia Law Firm, ធនាគារ KB Daehan Specialized Bank Plc និងប្រធាន Nextgen Leaders Network។

គួររំលឹកផងដែរថា មូលនិធិ GLS បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាលើកដំបូង រយៈពេល ៥ឆ្នាំ ជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភាកម្ពុជា កាលពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារ។ លុះមកដល់ឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីក និងបន្តបន្ថែម ០៥ឆ្នាំទៀត ដោយបង្កើនទឹកប្រាក់សរុបដល់ ៤០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មូលនិធិ GLS បានផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជាបានចំនួន ១៤ លើករួចមកហើយ។ ជំនួយលើកទី១៤នេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ជនភៀសសឹកតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។

មូលនិធិ GLS សាខាកម្ពុជា ដែលមានទីតាំងនៅមជ្ឈមណ្ឌល PGCT និងដឹកនាំដោយលោក MIN BYOUN JANG ជានាយកសាខា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងធានានូវប្រសិទ្ធភាពនៃការអនុវត្តន៍សកម្មភាពមនុស្សធម៌។ ជាពិសេស ការបរិច្ចាគលើកទី១៤នេះ គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយដល់ជនភៀសសឹកនៅតាមតំបន់ព្រំដែន ដែលរៀបចំឡើងដោយការចូលរួមចំណែកពីអង្គការជាដៃគូសហការ និងក្រុមហ៊ុនជាច្រើន។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានគេមើលឃើញថាជាគំរូដ៏រឹងមាំមួយនៃសាមគ្គីភាព និងមិត្តភាពរវាងសង្គមស៊ីវិលនៃសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដោយមានការរំពឹងទុកថានឹងបន្តពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកនាពេលអនាគត។

administrator

Related Articles