សាលាឧទ្ធរណ៍ភ្នំពេញព្រមាន! ក្រុមឆបោកតាម Telegram ប្រើរូបថ្នាក់ដឹកនាំ បោកបញ្ឆោតវិនិយោគខុសច្បាប់

សាលាឧទ្ធរណ៍ភ្នំពេញព្រមាន! ក្រុមឆបោកតាម Telegram ប្រើរូបថ្នាក់ដឹកនាំ បោកបញ្ឆោតវិនិយោគខុសច្បាប់

ភ្នំពេញ៖ សាធារណជនមេត្តាជ្រាប! អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដើម្បីព្រមាន និងក្រើនរំលឹកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមបោកប្រាស់តាមរយៈកម្មវិធី Telegram ដែលកំពុងធ្វើសកម្មភាពឆបោកដោយប្រើប្រាស់រូបភាពថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន។ ក្រុមនេះមានឈ្មោះថា «កំណើនហិរញ្ញវត្ថុ… (OVERSEAS CAMBODIAN INVESTMENT PLC)»។

សេចក្តីប្រកាសបានបញ្ជាក់ថា ក្រុមជនខិលខូចទាំងនេះ បានលួចប្រើប្រាស់រូបភាពរបស់ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ រួមទាំងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីចែករំលែកព័ត៌មានបោកបញ្ឆោតអំពីការវិនិយោគខុសច្បាប់។ គោលបំណងរបស់ពួកគេ គឺបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចាញ់បោកចូលរួមវិនិយោគ ដែលអាចបណ្ដាលឱ្យខាតបង់នូវទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងអស់ដែលកំពុងធ្វើឡើងដោយក្រុម Telegram ខាងលើ គឺពុំមានការពាក់ព័ន្ធណាមួយជាមួយ ឯកឧត្តម សេង ស៊ីវុត្ថា, ឯកឧត្តម អ៊ុក សាវុធ ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នោះឡើយ។ ដូចគ្នានេះដែរ ប្រសិនបើមានគណនី ឬក្រុម Telegram ផ្សេងទៀតណា ដែលប្រើប្រាស់រូបថត ឬឈ្មោះរបស់ថ្នាក់ដឹកនាំទាំងនេះ ហើយធ្វើសកម្មភាពបោកប្រាស់ស្រដៀងគ្នានេះ ក៏ពុំមែនជាគណនីផ្លូវការរបស់ពួកគាត់ដែរ។

ដើម្បីការពារផលប្រយោជន៍សាធារណជន អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មេត្តាជួយធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមបោកប្រាស់ទាំងនេះ។ ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសតាម Telegram ដូចករណីខាងលើនេះ ដើម្បីចៀសវាងកុំឱ្យចាញ់បោកបាត់បង់ទ្រព្យសម្បត្តិដោយឥតប្រយោជន៍។

ដោយ ៖ សិលា

administrator

Related Articles