ក្រសួងធនធានទឹក៖ ភ្លៀងអាចធ្លាក់រាយប៉ាយលើផ្ទៃដី ១០% នៅភ្នំពេញ និងបណ្ដាខេត្ត ចាប់ពីថ្ងៃទី១៥-១៧ វិច្ឆិកា ២០២៥!

ក្រសួងធនធានទឹក៖ ភ្លៀងអាចធ្លាក់រាយប៉ាយលើផ្ទៃដី ១០% នៅភ្នំពេញ និងបណ្ដាខេត្ត ចាប់ពីថ្ងៃទី១៥-១៧ វិច្ឆិកា ២០២៥!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបានព្យាករថា ភ្លៀងអាចនឹងបន្តធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យម នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។
ការព្យាករណ៍អាកាសធាតុ
សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាមាន ២១°C និងអតិបរមា ៣១°C ដោយមានខ្យល់បក់ពីទិសឦសាន និងបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ បណ្ដាខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀងធ្លាក់ក្នុងបរិមាណតិចតួច ប្រមាណ ១០% នៃផ្ទៃដីសរុប។
ចំណែកឯតំបន់ខ្ពង់រាបវិញ សីតុណ្ហភាពអប្បបរមា ២០°C និងអតិបរមា ៣០°C ជាមួយនឹងខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ទោះជាយ៉ាងណា ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មិនមានការធ្លាក់ភ្លៀងនោះទេ។
សម្រាប់តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមា ២១°C និងអតិបរមា ៣១°C ខណៈខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ក្នុងល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃដីប្រមាណ ១០% ផងដែរ។ រលកសមុទ្រនឹងមានកម្ពស់មធ្យមចន្លោះពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ។ ក្រសួងក៏បានអំពាវនាវដល់សាធារណជនឱ្យទទួលបានព័ត៌មាននេះ ដើម្បីត្រៀមលក្ខណៈជាមុន។

administrator

Related Articles