រឿងរ៉ាវ​ភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ទួលគោក ផ្អើល​ទាំង​ព្រឹក​ព្រលឹម បំផ្លាញ​ផ្ទះ​៤​ខ្នង​និង​សម្ភារៈ​អស់ទាំងស្រុង

រឿងរ៉ាវ​ភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ទួលគោក ផ្អើល​ទាំង​ព្រឹក​ព្រលឹម បំផ្លាញ​ផ្ទះ​៤​ខ្នង​និង​សម្ភារៈ​អស់ទាំងស្រុង

រាជធានីភ្នំពេញ ៖ ខណៈ​ប្រជាពលរដ្ឋ​កំពុង​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្ងប់ស្ងាត់ ស្រាប់តែ​ត្រូវ​បាន​ដាស់​ភ្ញាក់​ពី​ដំណេក​ដោយ​សំឡេង​ស្រែក​ឆោឡោ​ថា​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ​នោះ ពួកគាត់​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ដើម្បី​មើល​ស្ថានការណ៍​ជាក់ស្ដែង ហើយ​ក៏​បាន​ប្រញាប់ប្រញាល់​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សុំ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ។
ភ្លើងឆេះផ្ទះ
ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្បែរ​អង់តែន​ទួលគោក តាម​បណ្ដោយ​ផ្លូវលំ ក្រុម​២ ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា ពួកគាត់​ភ្ញាក់ផ្អើល​ដោយសារ​តែ​មាន​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​ផ្ទះ​ឈើ​ប្រក់​សង្កសី និង​ផ្ទះថ្ម​ប្រក់​ដំបូល​សង្កសី​មួយ​ចំនួន រួម​ទាំង​បន្ទប់​ជួល​ដែល​បាន​ឆាបឆេះ​បន្តបន្ទាប់​គ្នា​យ៉ាង​លឿន​បំផុត។ ដោយ​ឃើញ​ស្ថានការណ៍​អាក្រក់​ដូច្នេះ ពួកគាត់​មិន​បង្អែ​ក​យូរ​ឡើយ ក៏​បាន​នាំ​គ្នា​រាយការណ៍​ទៅ​អាជ្ញាធរ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាមៗ។
រថយន្តពន្លត់អគ្គិភ័យ
លោក ហ៊ា​ង ថា​រ៉េ​ត អធិការ​ខណ្ឌឫស្សីកែវ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល រួម​ជាមួយ​នឹង​កម្លាំង​សណ្ដាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ ដើម្បី​សម្រួល​ដល់​ការ​ចេញចូល​របស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង។ ប៉ុន្តែ​ដោយសារ​ផ្លូវ​ចូល​ទៅ​កាន់​ទីតាំង​កើតហេតុ​មាន​សភាព​តូច​ចង្អៀត រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​ចំនួន​ត្រូវ​ចត​នៅ​ខាងក្រៅ​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍។ ដូច្នេះ​កម្លាំង​អាជ្ញាធរ​បាន​ដាក់​ឲ្យ​បញ្ជា​ចរាចរណ៍​វាង​ផ្លូវ​ចាន់​ពី​គល់​អង់តែន​ទួលគោក។
ការអន្តរាគមន៍
លោកអធិការ​បន្ត​ថា ម្ចាស់ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នេះ​មានឈ្មោះ យឹ​ម ផល្លា ភេទ​ស្រី អាយុ ៦៧​ឆ្នាំ មុខរបរ​នៅផ្ទះ។ ផ្ទះ​របស់​គាត់​ជា​សំណង់​ថ្ម​ក្រោម​ឈើ​លើ មាន​ទំហំ ៤​ម៉ែត្រ x ៦​ម៉ែត្រ ហើយ​ត្រូវ​បាន​ឆេះ​ទាំងស្រុង រួម​ទាំង​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​៣​ខ្នង​បន្ថែម​ទៀត ព្រមទាំង​សម្ភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំងស្រុង។ យ៉ាងណាមិញ ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បណ្ដាល​ឲ្យ​មនុស្ស​ណាម្នាក់​រង​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ។ ចំពោះ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឆាបឆេះ អាជ្ញាធរ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម។
ស្ថានភាពក្រោយឆេះ
កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១៧​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៧​ឡាន ស្មើនឹង ៧៥​ម៉ែត្រគូប ដើម្បី​បាញ់​ពន្លត់​អណ្ដាតភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ។ ទីបំផុត ភ្លើង​ត្រូវ​បាន​ពន្លត់​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង ៤​និង​១៥​នាទី​ទៀបភ្លឺ​នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល។

administrator

Related Articles