ខេត្តស្វាយរៀង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តម៉ាក Highlander បានបុកពីក្រោយរថយន្តម៉ាក BYD ពណ៌ខ្មៅ យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងយប់នៅក្រុងស្វាយរៀង។ សំណាងល្អ មនុស្សរងរបួសស្រាលប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខាងកើតស្ពានហាយវ៉េ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

តាមការឱ្យដឹងពីសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងស្វាយរៀង អ្នកបើកបររថយន្ត Highlander ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ ២K-០៤៧៨ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខទាំងស្រុង។

ចំណែកឯរថយន្ត BYD ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ២C-១៧៧៦ រងការខូចខាតស្រាលតែផ្នែកខាងក្រោយប៉ុណ្ណោះ។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា មុនពេលកើតហេតុ គេឃើញរថយន្ត Highlander ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ ២K-០៤៧៨ បើកបរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ដោយសង្ស័យប្រើប្រាស់ល្បឿនលឿន ក៏បានបុកពីក្រោយរថយន្ត BYD ពណ៌ខ្មៅ ពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិ និងអ្នកធ្វើដំណើរ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្កត្រូវបានរថយន្តសាមុយមន្ទីរពេទ្យដឹកយកទៅសង្គ្រោះភ្លាមៗ រីឯអ្នកបើករថយន្ត BYD មិនមានរងរបួសនោះទេ។ បច្ចុប្បន្ន រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងស្វាយរៀង វាស់វែង និងយកទៅរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

