ខេត្តប៉ៃលិន៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វើប្រតិបត្តិការយ៉ាងក្ដៅគគុក ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះយ៉ាងព្រៃផ្សៃ ហើយរំលោភសព រួចយកទៅកប់បាត់មុខនៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅឯខេត្តប៉ៃលិន បន្ទាប់ពីកម្លាំងជំនាញចំណាយពេលស្រាវជ្រាវយ៉ាងលំបាក។

ហេតុការណ៍ឃាតកម្មដ៏សាហាវនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជនសង្ស័យមានឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រោយទទួលបានព័ត៌មានពីករណីដ៏រន្ធត់នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងជំនាញ ឲ្យបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់។

ជាក់ស្ដែង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី ដែលសុទ្ធសឹងជាអនុប្រធាននាយកដ្ឋាន បានដឹកនាំសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានសម្រុកចូលធ្វើការឃាត់ខ្លួនជនសង្ស័យ ម៉ន សីហា ហៅឥណ្ឌា បានភ្លាមៗត្រង់ចំណុចលើភ្នំទ្រប់ ស្ថិតភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅផ្ទះ។ ឱកាសនោះ ខ្លួនបានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយក៏បានរំលោភសពជនរងគ្រោះទៀតផង ក្រោយមកក៍បានយកសាកសពទៅកប់បំបាត់ដានតែម្តង។


បច្ចុប្បន្ន ជនសង្ស័យកំពុងបំពេញសំណុំរឿងតាមនីតិវិធីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការបន្ដតាមផ្លូវច្បាប់។

