ខេត្តបាត់ដំបង ៖ ផ្ទាំងចម្លាក់ «ពុទ្ធប្រវត្តិ» ដ៏ធំសម្បើមចំនួន ០៣ ផ្ទាំង ដែលទើបសាងសង់រួចរាល់ជាស្ថាពរលើជញ្ជាំងថ្មភ្នំសំពៅ កំពុងក្លាយជាទស្សនីយភាពប្រវត្តិសាស្ត្រថ្មីមួយទៀត តាមបែបគន្លងសាសនា និងវប្បធម៌។ នេះជាការបន្ថែមភាពទាក់ទាញបន្ថែមលើកេរ្តិ៍ឈ្មោះល្បីល្បាញដ៏យូរលង់របស់ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» ដែលមាន «ល្អាងបុរាណ» និង «ហ្វូងសត្វប្រចៀវ» រាប់លានក្បាលហោះចេញពីល្អាងនាពេលល្ងាច កាត់មុខផ្ទាំងចម្លាក់បដិមាករដ៏ត្រជាក់ភ្នែកនេះ។

រមណីយដ្ឋាន «ភ្នំសំពៅ» ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ប៉ៃលិន) ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រ ពីអគាររដ្ឋបាលខេត្តបាត់ដំបង ទៅភាគខាងលិច។ បច្ចុប្បន្ន រដ្ឋបាលស្រុកបាណន់ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលខេត្ត បានខិតខំអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនេះ ឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត មានទីធ្លាធំទូលាយ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការចាប់ផ្ដើមអភិវឌ្ឍន៍ភ្នំសំពៅ ឱ្យកាន់តែស្រស់ស្អាតនិងទាក់ទាញ គឺធ្វើឡើងក្រោយពេលការសាងសង់ផ្ទាំងចម្លាក់ព្រះពុទ្ធរូបលើជញ្ជាំងភ្នំសំពៅចំហៀងខាងកើតបានរួចរាល់ជាស្ថាពរ។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានថ្លែងថា ការរៀបចំសួនច្បារ និងការសាងសង់ចម្លាក់ព្រះពុទ្ធរូបដ៏ធំមហិមានេះ បានបន្ថែមនូវភាពទាក់ទាញយ៉ាងខ្លាំងដល់រមណីយដ្ឋានភ្នំសំពៅ។ លោកបានបញ្ជាក់ថា ទស្សនីយភាពថ្មីនៃចម្លាក់ព្រះពុទ្ធរូបដ៏ធំសម្បើមនេះ មិនត្រឹមតែជាគន្លងសម្រាប់ទេសចរណ៍សាសនា និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនអត្ថន័យសង្គម និងសេដ្ឋកិច្ចដល់សហគមន៍ជុំវិញផងដែរ។

របាយការណ៍សង្ខេបរបស់ប្រធានមន្ទីរទេសចរណ៍ បានបង្ហាញពីចំណុចសំខាន់ៗចំនួន ០៣ ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍កាន់តែខ្លាំងលើរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ៖ ទី១- ការរួមបញ្ចូលសាសនា និងវប្បធម៌៖ «ចម្លាក់ព្រះពុទ្ធរូបដ៏ធំលើផ្ទាំងថ្មភ្នំ» បង្កើនភាពស្រស់ស្អាត ជាទីសក្ការៈ និងជាគន្លងទេសចរណ៍សាសនា ព្រមទាំងជួយឱ្យយល់ដឹងអំពីព្រះពុទ្ធសាសនានៅកម្ពុជា។ វាក៏ជួយបង្កើនការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍន៍វប្បធម៌ផងដែរ។

ទី២- សួនធម្មជាតិ ជាស្ថាបត្យកម្មសម្រាប់បទពិសោធន៍៖ ផ្ដល់ទីតាំងសម្រាក និងថតរូបដែលមានទេសភាពស្រស់ស្អាត។ ជួយបង្កើនការចាប់អារម្មណ៍ពីទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងបង្កើនការចែករំលែកតាមបណ្ដាញសង្គម (ផ្សព្វផ្សាយដោយស្វ័យប្រវត្តិ)។

ទី៣- បទពិសោធន៍ទេសចរណ៍ចម្រុះ៖ ភ្នំសំពៅក្លាយជាកន្លែងដែលភ្ញៀវអាចរួមបញ្ចូលទេសចរណ៍ធម្មជាតិ វប្បធម៌ និងសាសនា។ ជួយបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវ ព្រមទាំងបង្កើនសក្តានុពលសម្រាប់រចនាផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ជុំវិញ។

ភ្នំសំពៅជា «រមណីយដ្ឋាន» ដ៏ចំណាស់បំផុតមួយ ក្នុងចំណោមរមណីយដ្ឋានបុរាណ និងធម្មជាតិរាប់សិបកន្លែងទៀតនៅខេត្តបាត់ដំបង។ កំណត់ត្រារបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងសៀវភៅ «ផែនការអភិវឌ្ឍន៍ និងការការពារតំបន់ទេសចរណ៍សំខាន់ៗ នៅខេត្តបាត់ដំបង» ឆ្នាំ២០០៨ បានចាត់ទុក «ភ្នំសំពៅ» ជា រមណីយដ្ឋានប្រជាប្រិយភាពប្រវត្តិសាស្ត្រមួយ។

និយាយពីប្រវត្តិភ្នំសំពៅ មានដំណាលក្នុងប្រជុំរឿងព្រេងខ្មែរគឺរឿង «ព្រះចៅរាជថ្កុល និងនាងរំសាយសក់» ដែលប្រទាក់ក្រឡាភ្ជាប់ទៅនឹង «ភ្នំក្រពើ ភ្នំរំសាយសក់ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និងភ្នំក្ដោង»។ ប្រវត្តិរឿងព្រេង រួមនឹងទិដ្ឋភាពនានាដែលពាក់ព័ន្ធនឹងជួរភ្នំសំពៅនេះ ត្រូវបានអ្នកនិពន្ធខ្មែររៀបរាប់ជាកំណាព្យ ប្រលោមលោក រហូតបង្កើតបានជាបទចម្រៀងពីរោះរណ្ដំចិត្តក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយបន្សល់ទុកជាកេរ្តិ៍បំពេរអារម្មណ៍មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈរហូតមកដល់សព្វថ្ងៃ។

ដោយសារប្រវត្តិរឿងព្រេង និងបទចម្រៀងពីរោះរណ្ដំជាប់ចិត្ត មានអត្ថន័យជ្រាលជ្រៅបែបនេះហើយ ទើបធ្វើឱ្យ «ភ្នំសំពៅ» មានភាពល្បីល្បាញក្លាយជារមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រ។ ក្នុងពេលនេះ ភ្នំសំពៅកាន់តែល្បីរន្ទឺខ្លាំងបន្ថែមទៀត ក្រោយពីលើជញ្ជាំងភ្នំដ៏ចំណាស់នេះ ត្រូវបានរំលេចឡើងនូវរូបចម្លាក់ ០៣ ផ្ទាំងធំៗ ដែលពិពណ៌នាពី «ពុទ្ធប្រវត្តិ» នៃព្រះ។

ពាក់ព័ន្ធនឹងចម្លាក់ផ្ទាំងថ្មដ៏ធំមហិមានេះ លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានពន្យល់ថា ទម្រង់រូបចម្លាក់នេះជា «ពុទ្ធប្រវត្តិ» នៃព្រះ ដែលមាន ០៣ ផ្ទាំងធំៗ៖ ទី១- ចម្លាក់ទម្រង់ព្រះ «ប្រសូត្រ», ទី២- ចម្លាក់ទម្រង់ព្រះ «ត្រាស់ដឹង» និងទី៣- ចម្លាក់ទម្រង់ព្រះ «បរិនិព្វាន»។ ការចាប់ផ្ដើមចម្លាក់ «ពុទ្ធប្រវត្តិ» នេះបានចាប់ផ្ដើមឡើងក្នុងអំឡុងឆ្នាំ២០០២ ប៉ុន្តែមានការរអាក់រអួល ហើយក្រោយមកក៏ដំណើរការសាងសង់ឡើងវិញរហូតមកដល់ពេលនេះ។ លោកបានបញ្ជាក់ដែរថា ការសាងសង់ហាក់ដូចជារួចរាល់ហើយ ហើយទំនងក្រសួងសាមីនឹងដាក់សម្ពោធជាផ្លូវការនៅដើមឆ្នាំ២០២៦ នេះ។

កន្លងមក «រមណីយដ្ឋានភ្នំសំពៅ» ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរខ្លាំងបំផុត គឺការឡើងលើភ្នំដើរទស្សនាល្អាងភ្នំនានា ល្អាងដែលជាប់ឈ្មោះក្នុងរឿងព្រេងនិទាន និងបទចម្រៀង ឬដើរទស្សនាព្រៃព្រឹក្សា មើលទិដ្ឋភាពវាលស្រែ និងភូមិឋានអ្នកស្រុកដ៏ស្រស់បំព្រង។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ភ្ញៀវជាតិ និងអន្តរជាតិហាក់មិនសូវចាប់អារម្មណ៍ដើរមើលល្អាងប្រវត្តិសាស្ត្រ ឬព្រៃព្រឹក្សានៅលើភ្នំទេ ។ ពួកគេបែរជានាំគ្នាអង្គុយត្រៀបត្រានៅប៉ែកខាងក្រោម ក្បែរជើងភ្នំ គយគន់ហ្វូងសត្វប្រចៀវរាប់លានក្បាលរៀបគ្នាជាក្បូន ហោះហើរចេញពីល្អាងភ្នំ មុនពេលសុរិយាអស្ដង្គតទៅវិញ។

ភ្ញៀវគ្រប់ជាតិសាសន៍សម្រុកទៅទស្សនាកាន់តែច្រើនទ្វេដងក្នុងពេលនេះ ស្របពេលដែលលើជញ្ជាំងថ្មភ្នំ ក្បែរមាត់ល្អាងហ្វូងប្រចៀវហោះចេញ ត្រូវបានគេរំលេចឡើងនូវចម្លាក់ផ្ទាំងថ្មដ៏លេចធ្លោ ដែលជាទស្សនីយភាពថ្មីដ៏ធំស្គឹមស្គៃជាប្រវត្តិសាស្ត្រ គួរឱ្យទាក់ទាញបន្ថែមលើភាពល្បីល្បាញស្រាប់នៃហ្វូងសត្វប្រចៀវ។



ដើម្បីជំរុញភាពល្បីល្បាញនៃ «រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រភ្នំសំពៅ» ឱ្យកាន់តែរន្ទឺដល់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស បច្ចុប្បន្នរដ្ឋបាលស្រុកបាណន់ សហការជាមួយមន្ទីរពាក់ព័ន្ធនានា និងអាជ្ញាធរខេត្ត កំពុងរៀបចំអភិវឌ្ឍន៍រមណីយដ្ឋាននេះ។ ពួកគេបានកែលម្អសួនច្បារ រៀបចំទីតាំងសម្រាប់ចតយានយន្ត ទីតាំងសម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត ឬអង្គុយទស្សនាហ្វូងសត្វប្រចៀវ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់ និងការការពារសន្តិសុខនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះតែម្ដង។ ព្រោះបច្ចុប្បន្នភ្ញៀវទេសចរកាន់តែកើនឡើងជាលំដាប់ ទាំងភ្ញៀវជាតិ និងអន្តរជាតិបានធ្វើដំណើរទៅទស្សនាហ្វូងសត្វប្រចៀវរៀបក្បូនហោះចេញពីល្អាងភ្នំមុនពេលថ្ងៃលិច និងទស្សនាចម្លាក់ផ្ទាំងថ្មដ៏ធំមហិមាដែលពិពណ៌នាពី «ពុទ្ធប្រវត្តិ» នៃព្រះ។







