ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈមួយចំនួន រលត់អស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្បែរខាង និងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:២០ នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៥៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយចេញពីផ្ទះកើតហេតុយ៉ាងខ្លាំង បន្ទាប់មកក៏បានបង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។


ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាននាំគ្នាប្រើប្រាស់ទឹកបាញ់ទប់ស្កាត់ជាបណ្ដោះអាសន្ន ព្រមទាំងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្នើសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានក៏បានប្រញាប់ទាក់ទងទៅកម្លាំងជំនាញការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់អស់រយៈពេលជាច្រើនម៉ោង ទើបភ្លើងរលត់ទៅវិញជាស្ថាពរ។



ក្រោយប្រតិបត្តិការពន្លត់ចប់ សមត្ថកិច្ចជំនាញបានឱ្យដឹងថា ពួកគេបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបអស់ចំនួន ១៧ គ្រឿង។


ក្នុងហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួស ឬស្លាប់នោះទេ គឺគ្រាន់តែបង្កការខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនប៉ុណ្ណោះ។ (រូបភាព៖ ភារ៉ា ដង្កោ)


