លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានសម្រេចចេញបញ្ជាឲ្យដកបញ្ឈរជើងជាបន្ទាន់នូវលោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។ ការសម្រេចនេះធ្វើឡើងក្រោយពីលោកមេប៉ុស្តិ៍រូបនេះ បានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងថ្លោះធ្លោយទៅលើប្រជាពលរដ្ឋរងគ្រោះម្នាក់ ដែលបានអញ្ជើញទៅដាក់ពាក្យបណ្ដឹងករណីចោរលួចម៉ូតូ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចដកបញ្ឈរជើងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវីដេអូដែលបង្ហាញពីទង្វើមិនសមរម្យរបស់លោកមេប៉ុស្តិ៍បានបែកធ្លាយ និងចែកចាយពាសពេញបណ្ដាញសង្គម។ ភ្លាមៗនោះ មហាជនជាច្រើនបានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីទង្វើដែលចាត់ទុកថាជាអសីលធម៌ និងមិនស័ក្តិសមជាមន្ត្រីនគរបាលរបស់លោកមេប៉ុស្តិ៍រូបនេះ។
តាមការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះថា លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានបញ្ជាឲ្យដកបញ្ឈរជើងភ្លាមៗ ហើយតម្រូវឲ្យទៅបង្ហាញមុខនៅផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយបន្ត។

លោកអនុសេនីយ៍ទោ សុខ សំណាង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី បាននិងកំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ តែបែរជាលោកមេប៉ុស្ដិ៍រូបនេះប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងមានលក្ខណៈស្ដីបន្ទោសទៅវិញ ដែលផ្ទុយពីតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ៕
