ដំណឹងល្អ! កម្ពុជា គ្មានករណីផ្សោតទន្លេស្លាប់មួយឆ្នាំពេញ ជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ!

ដំណឹងល្អ! កម្ពុជា គ្មានករណីផ្សោតទន្លេស្លាប់មួយឆ្នាំពេញ ជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ!

ខេត្តក្រចេះ៖ នេះជាដំណឹងដ៏គួរឱ្យរីករាយ និងជាជោគជ័យជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា! ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ គឺចាប់តាំងពីការកត់ត្រា និងតាមដានសត្វផ្សោតទន្លេមេគង្គនៅឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ឆ្នាំ២០២៥ គឺជាឆ្នាំដំបូងដែលពុំមានករណីសត្វផ្សោតស្លាប់សូម្បីមួយក្បាលក្នុងរយៈពេលមួយឆ្នាំពេញ និង២ថ្ងៃ (គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥)។ ការប្រកាសនេះធ្វើឡើងដោយលោកស្រី អុឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីបើកកម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» នៅរមណីយដ្ឋានសត្វផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
សត្វផ្សោត

កម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អុឹម រចនា, ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ រួមជាមួយលោក Martin Kabaluapa Kapinga នាយកគ្រប់គ្រងបណ្តាប្រទេសថ្នាក់សកលនៃអង្គការ WWF អន្តរជាតិ។ ពិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីព្រះសង្ឃ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការដៃគូ ប្រជាពលរដ្ឋ សហគមន៍នេសាទ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០អង្គ-នាក់។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីផ្សព្វផ្សាយ និងរំលេចពីសារៈសំខាន់នៃសត្វផ្សោតទន្លេមេគង្គ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីកិច្ចការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ។
ពិធីទិវាសត្វផ្សោត

ក្នុងឱកាសថ្លែងសុន្ទរកថា លោកស្រីអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្ត ស្រុក ឃុំ និងភូមិ តំណាងមន្ទីរពាក់ព័ន្ធ អង្គការ WWF និងសហគមន៍មូលដ្ឋានទាំងអស់ ចំពោះការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងគ្រប់គ្រងសកម្មភាពអភិរក្សសត្វផ្សោត និងជីវចម្រុះក្នុងទន្លេមេគង្គ។ លោកស្រីក៏បានគូសបញ្ជាក់ជាពិសេសចំពោះបងប្អូនឆ្មាំទន្លេ ដែលបាននិងកំពុងបំពេញការងារល្បាតទាំងថ្ងៃទាំងយប់ប្រកបដោយការលះបង់ដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ។

ជាលទ្ធផលគួរឱ្យមោទនៈ ចំនួនសរុបសត្វផ្សោតបានកើនឡើងគួរឱ្យកត់សម្គាល់ពី ៩០ក្បាលក្នុងឆ្នាំ២០២០ ដល់ ១១១ក្បាលក្នុងឆ្នាំ២០២៥ ដែលក្នុងនោះមានទាំងកូនផ្សោតកើតថ្មី និងផ្សោតវ័យជំទង់។ អ្វីដែលកាន់តែពិសេសនោះ គឺអត្រាស្លាប់របស់សត្វផ្សោតត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ពោលគឺពុំមានសត្វផ្សោតមួយក្បាលបានស្លាប់ឡើយក្នុងឆ្នាំ២០២៥នេះ ហើយថែមទាំងមានកូនផ្សោតកើតថ្មីចំនួន ៧ក្បាលទៀតផង។ លោកជំទាវបានចាត់ទុកលទ្ធផលនេះថាជាក្តីសង្ឃឹមដ៏ត្រចះត្រចង់ក្នុងការស្តារ និងបង្កើនចំនួនសត្វផ្សោតឡើងវិញនាពេលអនាគត។
ឆ្មាំទន្លេ

ជាចុងក្រោយ លោកស្រី អុឹម រចនា បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ ឱ្យបន្តរួមសហការគ្នាលើការងារអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នេះគឺដើម្បីរក្សាប្រភេទធនធានជលផលដ៏មានតម្លៃនេះ ដែលលោកជំទាវបានចាត់ទុកជា «បេះដូងនៃទន្លេមេគង្គ» ឱ្យបន្តជារតនសម្បត្តិមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

ប្រភព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ

administrator

Related Articles