(ខេត្តក្រចេះ)៖ ក្រសួងព័ត៌មាន បានប្រកាសពីដំណឹងដ៏គួរឱ្យរំភើបមួយនៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជាបានទទួលជោគជ័យជាប្រវត្តិសាស្រ្ត ដោយពុំមានករណីផ្សោតទន្លេមេគង្គស្លាប់ពេញមួយឆ្នាំ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ក្នុងកំណត់ត្រាតាមដានជាង ២០ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០២ មក ដែលគ្មានការបាត់បង់អាយុជីវិតផ្សោតក្នុងរយៈពេល ១ឆ្នាំ និង២ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សមិទ្ធផលដ៏ត្រចះត្រចង់នេះ ត្រូវបានលើកឡើងដោយលោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបើកកម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» ដែលប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានសត្វផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
កម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អុឹម រចនា, ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ និងលោក Martin Kabaluapa Kapinga នាយកគ្រប់គ្រងបណ្តាប្រទេសថ្នាក់សកលនៃអង្គការ WWF អន្តរជាតិ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការដៃគូ ប្រជាពលរដ្ឋ សហគមន៍នេសាទ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០អង្គ-នាក់។ គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បីផ្សព្វផ្សាយ និងរំឭកពីសារៈសំខាន់នៃសត្វផ្សោតទន្លេមេគង្គ លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការការពារ និងអភិរក្សសត្វដ៏កម្រនេះ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការក្នុងនាមតំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តដល់រដ្ឋបាលខេត្ត ស្រុក ឃុំ និងភូមិ តំណាងមន្ទីរពាក់ព័ន្ធ អង្គការ WWF និងសហគមន៍មូលដ្ឋាន ចំពោះការចូលរួម និងគាំទ្រសកម្មភាពគ្រប់គ្រង និងអភិរក្សសត្វផ្សោតព្រមទាំងជីវចម្រុះទន្លេមេគង្គ ជាពិសេសបងប្អូនឆ្មាំទន្លេដែលបានល្បាតទាំងថ្ងៃទាំងយប់ដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ។
ជាលទ្ធផលគួរជាទីមោទនៈ ចំនួនសរុបសត្វផ្សោតបានកើនឡើងពី ៩០ក្បាលក្នុងឆ្នាំ២០២០ ដល់ ១១១ក្បាលក្នុងឆ្នាំ២០២៥ ដោយរាប់បញ្ចូលទាំងកូនផ្សោតទើបនឹងកើត និងផ្សោតវ័យជំទង់។ អត្រាស្លាប់របស់សត្វផ្សោតក៏ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ពោលគឺគ្មានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងឆ្នាំ២០២៥នេះឡើយ ផ្ទុយទៅវិញមានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល។ លោកជំទាវចាត់ទុកលទ្ធផលនេះថាជាក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការស្តារឡើងវិញនៃចំនួនសត្វផ្សោតនាពេលអនាគត។

ជាចុងក្រោយ លោកជំទាវ អុឹម រចនា បានអំពាវនាវជំរុញ ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ ឱ្យបន្តរួមសហការលើការងារអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីរក្សាប្រភេទធនធានជលផលដ៏សំខាន់នេះ ដែលលោកជំទាវចាត់ទុកជា «បេះដូងនៃទន្លេមេគង្គ» ឱ្យបន្តជារតនសម្បត្តិមិនអាចកាត់ថ្លៃបានរបស់កម្ពុជា និងពិភពលោក។
ប្រភព៖ ក្រសួងព័ត៌មាន
