សម្ដេចធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយលោក Trump អំពីសន្តិភាពព្រំដែនកម្ពុជា-ថៃ៖ ប្ដេជ្ញាចិត្តរួមដើម្បីដោះស្រាយបញ្ហា!

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជជែកជាមួយលោក Trump អំពីសន្តិភាពព្រំដែនកម្ពុជា-ថៃ៖ ប្ដេជ្ញាចិត្តរួមដើម្បីដោះស្រាយបញ្ហា!

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ជំនួបនេះមានគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។

ក្នុងនាមប្រជាពលរដ្ឋកម្ពុជា សម្ដេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតី Trump ដែលបានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃកន្លងមក ក៏ដូចជាការសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្ដេចក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្ដោយព្រំដែនផងដែរ។

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្ដោយព្រំដែនកម្ពុជា-ថៃឡើយ។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

administrator

Related Articles