រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសពីករណីមរណភាពរបស់បុរសវ័យ ២២ឆ្នាំម្នាក់ ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N1 នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព័ត៌មានដ៏គួរឲ្យសោកស្ដាយនេះ ត្រូវបានផ្សព្វផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសរងគ្រោះមានទីលំនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។ គាត់ត្រូវបានធ្វើតេស្តបញ្ជាក់ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទោះបីជាមានការខិតខំប្រឹងប្រែងជួយសង្គ្រោះ និងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ក៏ស្ថានភាពជំងឺរបស់បុរសរូបនេះ បានធ្ងន់ធ្ងរទៅៗ រួមមានអាការៈក្តៅខ្លួន ក្អក ហត់ និងពិបាកដកដង្ហើម រហូតបានបាត់បង់ជីវិតនៅវេលាម៉ោង ៩:៤១នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្តាសាយបក្សីនេះ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ប្រភព៖ ក្រសួងព័ត៌មាន
