ខេត្តបាត់ដំបង៖ រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណតរថយន្តធំបាត់ដំបង កាលពីព្រឹកព្រលឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារបានប្រទះឃើញបុរសម្នាក់ជាតៃកុងរថយន្ត បានដេកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្បែរគុម្ពឬស្សី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:០០នាទីព្រឹក នៅចំណុចបរិវេណចំណតរថយន្តធំបាត់ដំបង ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីបុរសម្នាក់ដែលត្រូវជាប្អូនបង្កើតរបស់សពជនរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រូបគេនិងបងប្រុសបានបើករថយន្តដឹកអង្ករចេញពីខេត្តបន្ទាយមានជ័យ។ លុះធ្វើដំណើរមកដល់ខេត្តបាត់ដំបង វេលាម៉ោង១០:៣០នាទីយប់ ថ្ងៃខែដដែល ពួកខ្លួនក៏បានចូលចតរថយន្តសម្រាកនៅក្នុងចំណតរថយន្តធំបាត់ដំបង។ នៅក្នុងនោះ បងប្រុសបានសម្រាកនៅក្នុងកាប៊ីនរថយន្ត នៅទីតាំងខាងលើ។

លុះព្រឹកឡើងនៅវេលាម៉ោង៦:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រាប់តែបាត់មិនឃើញបងប្រុស ក៏នាំគ្នាដើររក។ ក្រោយមកក៏ប្រទះឃើញជនរងគ្រោះបានដេកស្លាប់បាត់បង់ជីវិត នៅក្បែរគុម្ពឬស្សីបាត់ទៅហើយ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះយ៉ាងខ្លាំង។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ វង វ៉ុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុភ្លាម សមត្ថកិច្ចជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យធ្វើកោសល្យវិច័យ។ ជាលទ្ធផល សមត្ថកិច្ចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់បាត់បង់ជីវិតដោយសារខ្យល់គរ។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
