លោក ហ៊ុយ វណ្ណៈ បកស្រាយទស្សនៈ «ហេតុ និង ផល» ដ៏ស៊ីជម្រៅក្នុងសង្គម

លោក ហ៊ុយ វណ្ណៈ បកស្រាយទស្សនៈ «ហេតុ និង ផល» ដ៏ស៊ីជម្រៅក្នុងសង្គម

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា (សសសក) បានលើកឡើងយ៉ាងស៊ីជម្រៅថា អ្វីៗដែលកើតឡើងនៅក្នុងជីវិតនិងសង្គម សុទ្ធតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតរវាង «ហេតុ និង ផល»។ ការថ្លែងដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈវិចារវិទ្យារបស់លោក។

លោក ហ៊ុយ វណ្ណៈ

លោក ហ៊ុយ វណ្ណៈ បានពន្យល់លម្អិតបន្ថែមថា ៖ «អ្វីៗកើតឡើង សុទ្ធតែមាន ហេតុ និង ផល» ដោយបានបកស្រាយជា ៣ ចំណុចសំខាន់ៗ៖

១. ចំពោះ «ផល» ណាមួយដែលបានកើតឡើង ប្រសិនបើការដោះស្រាយមិនទាន់ដាច់ស្រេច ឬមិនទាន់បានស៊ីជម្រៅនោះទេ វានឹងបន្តវិវត្តទៅមុខទៀត ហើយអាចបង្កើតបានជារឿងរ៉ាវ និងហេតុការណ៍ថ្មីៗបន្ថែមទៀត ដែលបង្កឱ្យបញ្ហាកាន់តែស្មុគស្មាញ។

២. ការខិតខំប្រឹងប្រែងដោះស្រាយតែទៅលើ «ផល» ដោយមិនបានគិតគូរ ឬពិនិត្យឱ្យបានដិតដល់ទៅលើ «ហេតុ» ដើម ក៏មិនមែនជាដំណោះស្រាយដ៏គង់វង្សនោះដែរ។ បញ្ហាទាំងនោះអាចនឹងកើតឡើងម្តងហើយម្តងទៀត មិនចេះចប់មិនចេះហើយ ដូចជាដើមឈើដែលនៅសល់ឫស វានឹងអាចដុះពន្លកថ្មីបានគ្រប់ពេល។

៣. ប្រសិនបើយើងចង់ពិនិត្យទៅលើ «ហេតុ» ក៏ចាំបាច់ត្រូវតែយល់ឱ្យច្បាស់អំពី «សារជាតិ» ពិតប្រាកដរបស់វាផងដែរ។ «សារជាតិ» នេះហើយគឺជាដើមចម ឬជាគ្រឹះដែលបង្កឱ្យមានហេតុការណ៍ទាំងនោះកើតឡើង។

ជាចុងក្រោយ លោក ហ៊ុយ វណ្ណៈ បានបន្សល់ទុកនូវសារក្រើនរំលឹកមួយថា៖ «គិតរៀងខ្លួន ធ្វើរៀងខ្លួន មិនមែនជាកម្លាំងទេ» ដែលជាការសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការ និងភាពជាធ្លុងមួយ។ ៕

ដោយ ៖ សិលា

administrator

Related Articles