ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កំពុងតែបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការរឹតបន្តឹងការគ្រប់គ្រងក្រុមហ៊ុនរដ្ឋជាបន្ទាន់ បន្ទាប់ពីមានរឿងអាស្រូវពុករលួយដ៏កក្រើកនៅក្នុងវិស័យថាមពលរបស់ប្រទេស។ ព័ត៌មាននេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន រួមជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបើកការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ដ៏រសើបនេះ។ ករណីពុករលួយដ៏ធំនេះ ត្រូវបានគេអះអាងថា ពាក់ព័ន្ធនឹងទឹកប្រាក់រហូតដល់ប្រមាណ ១០០លានដុល្លារអាមេរិក ដែលជាមូលនិធិខុសច្បាប់ បានមកពីកិច្ចសន្យារបស់ក្រុមហ៊ុន Energoatom ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រដ្ឋអ៊ុយក្រែន។
ក្រោយការផ្ទុះរឿងអាស្រូវនេះ លោក ហ្សេលេនស្គី ក៏បានចាត់វិធានការភ្លាមៗ ដោយបានបណ្តេញចេញទាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីថាមពល លោក ហឺមេន ហាលូឆេនកូ (Herman Halushchenko) ផងដែរ ដោយសារជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ។
លើសពីនេះ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា សហគ្រិនម្នាក់ទៀត គឺលោក ធីមួរ មីនឌីច (Timur Mindich) ដែលត្រូវបានគេស្គាល់ថា ជាអ្នកស្និទ្ធស្នាលនឹងលោក ហ្សេលេនស្គី ជាយូរមកហើយ ក៏កំពុងត្រូវបានស៊ើបអង្កេតផងដែរ។
ជាមួយគ្នានោះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានទូរស័ព្ទទៅកាន់លោក ហ្សេលេនស្គី ដើម្បីជំរុញឱ្យអនុវត្តវិធានការប្រឆាំងអំពើពុករលួយយ៉ាងតឹងរ៉ឹង ខណៈដែលមេដឹកនាំអឺរ៉ុបដទៃទៀត ក៏បានសម្តែងការរិះគន់ និងការព្រួយបារម្ភរបស់ពួកគេជាសាធារណៈផងដែរ។
យ៉ាងណា លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ជាមួយនាយករដ្ឋមន្ត្រី Yuliia Svyrydenko អំពីការអនុវត្តដំណើរការសវនកម្មឱ្យបានលឿនបំផុតនៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ។ លោកក៏បានសង្កត់ធ្ងន់ថា លទ្ធផលទាំងអស់ ត្រូវតែបញ្ជូនទៅកាន់អ្នកស៊ើបអង្កេត។
យ៉ាងណាមិញ អ្នកសង្កេតការណ៍បានលើកឡើងថា ទង្វើរបស់លោក ហ្សេលេនស្គី នេះ គឺមានបំណងកាត់បន្ថយការព្រួយបារម្ភដែលកំពុងតែកើនឡើង ទាំងពីសំណាក់ប្រជាជនក្នុងស្រុក និងសហគមន៍អន្តរជាតិ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការទប់ស្កាត់អំពើពុករលួយតាមរយៈការគ្រប់គ្រងតឹងរ៉ឹងលើក្រុមហ៊ុនរដ្ឋ៕
