អតីតមេភូមិភាគ២ថៃ លោក Boonsin Padklang បានប្រកាសជាសាធារណៈថា ខ្លួនសូមបញ្ចប់តួនាទីជាអ្នកផ្តល់យោបល់ និងប្រឹក្សាជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ តទៅទៀតហើយ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោកបានបង្កភាពចលាចលផ្ទៃក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Boonsin ដែលធ្លាប់ជាបុគ្គលដ៏សំខាន់ក្នុងការជំរុញឱ្យមានការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានថ្លែងថា ការសម្រេចចិត្តដើរចេញពីវិស័យនេះ គឺដោយសារតែលោកមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ។
ការលាលែងពីតួនាទីនេះ កើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Boonsin បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ តាមរយៈការអះអាងថា លោកបានផ្គើននឹងបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបានបង្គាប់ឱ្យបញ្ឈប់ការប្រយុទ្ធជាមួយកម្ពុជា បន្ទាប់ពីផ្ទុះអាវុធអស់រយៈពេល៦ម៉ោង។
លោក Boonsin បានបញ្ជាក់ថា មានបុគ្គលម្នាក់បានបញ្ជាឱ្យបញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះឡើយ។ សម្តីនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដោយមានមន្ត្រីជាច្រើនរូបបានប្រញាប់ចេញមុខបដិសេធ និងចោទដាក់គ្នាទៅវិញទៅមក។
ក្រោយមកទៀត គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ ដែលមានលោក Sawat Tassana ជាប្រធាន បានសម្រេចអញ្ជើញលោក Boonsin Padklang ឱ្យចូលរួមក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីបំភ្លឺ និងផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ព្រំដែនថៃ-កម្ពុជា។ យ៉ាងណា លោក Boonsin មិនបានចូលរួមតាមការកោះហៅនោះទេ ដោយបានលើកឡើងថា លោកជាប់រវល់បំពេញភារកិច្ច។
