លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល៖ «កុំបោកប្រាស់ចិត្តរាស្ត្រខ្លួនឯង! ក្រសួងមហាផ្ទៃមានភស្តុតាងរឿងជនរងគ្រោះថៃបាញ់»

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល៖ «កុំបោកប្រាស់ចិត្តរាស្ត្រខ្លួនឯង! ក្រសួងមហាផ្ទៃមានភស្តុតាងរឿងជនរងគ្រោះថៃបាញ់»

ភ្នំពេញ​៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅយប់ថ្ងៃ​ទី១៤ ខែវិច្ឆិកា​ ឆ្នាំ​២០២៥ ដោយលើកឡើងពីទង្វើដែលលោកចាត់ទុកថា «គ្មានការអៀនខ្មាស់» ក្នុងការបោកប្រាស់ចិត្តរាស្ត្រខ្លួនឯង និងជំរុញឱ្យក្រែងចិត្តរាស្ត្រដទៃផង។ លោកបានបញ្ជាក់ថា ជុំវិញករណីផ្ទុះគ្រាប់មីន ឬការចោទប្រកាន់ថាមានការបង្កសង្គ្រាមឈ្លានពាន និងរំលោភកិច្ចព្រមព្រៀងសន្តិភាព គឺសុទ្ធតែជាការបង្ហាញពីទង្វើខ្វះការទទួលខុសត្រូវ។

លោកអគ្គនាយកស៊ីម៉ាក់រូបនេះ បានគូសបញ្ជាក់ជាឧទាហរណ៍ជាក់ស្ដែងខ្លីៗចំនួន៣ចំណុច៖

ទី១៖ ករណីផ្ទុះគ្រាប់មីន អាងចោទប្រកាន់កម្ពុជាលួចដាក់មីនថ្មី។ លោកបានចោទសួរថា ឈរលើភាពជាក់ស្ដែង ការផ្ទុះគ្រាប់មីនចាស់ ឬគ្រាប់មីនដាក់ថ្មី ជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាសំខាន់ជាងនោះ តើការផ្ទុះគ្រាប់មីននោះនៅបូរណភាពទឹកដីរបស់អ្នកណា? ហើយអ្វីជាមូលហេតុពិតប្រាកដនៃបញ្ហា ដោយសារការផ្ទុះគ្រាប់មីន ឬការឈ្លានពានទឹកដីចូលក្នុងចម្ការមីនសំណល់សង្គ្រាមរបស់កម្ពុជា?

ទី២៖ ករណីគ្រាប់បែកចង្កោមប្រភេទ M85 របស់ថៃជាសំណល់សង្គ្រាម បានផ្ទុះបណ្ដាលឱ្យស្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ និងឪពុករងរបួសជាទម្ងន់ កាលពីថ្ងៃទី២៥ ខែតុលា ក៏ត្រូវបានថៃចោទថាខ្មែរបន្លំលាបពណ៌ថៃ ដោយសំអាងថាគ្រាប់បែកចង្កោមថៃបាញ់មកផ្ទុះទាំងអស់ និងថាគ្រាប់ទាំងនោះកំណត់ផ្ទុះកម្ទេចដោយខ្លួនឯង (self destruction) គ្មានគ្រាប់បែកចង្កោមនៅសល់ឡើយ។ លោក ហេង រតនា បានសង្កត់ធ្ងន់ថា កម្ពុជាបានរក្សាទុកភស្តុតាងគ្រាប់បែកចង្កោមថៃមួយចំនួន សម្រាប់ជូនពិនិត្យជាក់ស្ដែង ប្រសិនបើជាចង់ឃើញការពិត។

ទី៣៖ ករណីទាហានថៃបាញ់ប្រហារលើជនស៊ីវិលជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ដែលបណ្ដាលឱ្យមានម្នាក់ស្លាប់ និង៣នាក់រងរបួស។ ថៃមិនត្រឹមតែប្រកែកថាមិនបានបាញ់នោះទេ តែថែមទាំងចោទថាកងទ័ពកម្ពុជាជាអ្នកបាញ់ប្រជាពលរដ្ឋខ្លួនឯង និងចោទថាអ្នកស្លាប់នោះ ជាការស្លាប់ក្លែងក្លាយ (Cambodian Fake Death!)។ លោក ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់ថា ឥឡូវនេះ ក្រសួងមហាផ្ទៃបានស៊ើបអង្កេត និងមានភស្តុតាងគ្រប់គ្រាន់ថា មនុស្សស្លាប់និងរងរបួសដោយត្រូវគ្រាប់បាញ់ប្រហាររបស់ថៃ មិនមែនជាការក្លែងបន្លំអ្វីនោះទេ។ លោកបានបន្ថែមថា នៅក្នុងសង្គមស៊ីវិល័យ និងសម័យឌីជីថលនេះ យុទ្ធសាស្ត្រប្រែ និងលាបពណ៌បែបនេះ អាចរងនូវភាពអាម៉ាស់មិនខានឡើយ។

administrator

Related Articles