អាមេរិក​ប្រមូលផ្តុំ​កម្លាំង​យោធា​ដ៏​សន្ធឹក​សន្ធាប់​នៅ​ជិត​វេណេហ្ស៊ូអេឡា​៖ តើ​ត្រៀម​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មែន​ឬ​?

អាមេរិក​ប្រមូលផ្តុំ​កម្លាំង​យោធា​ដ៏​សន្ធឹក​សន្ធាប់​នៅ​ជិត​វេណេហ្ស៊ូអេឡា​៖ តើ​ត្រៀម​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មែន​ឬ​?

ទីក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេហ្ស៊ូអេឡា ហាក់កំពុងកើនឡើងដល់កម្រិតប្រកាសអាសន្ន ដែលអាចឈានទៅរកការផ្ទុះសង្គ្រាមបង្ហូរឈាមមួយ។ បច្ចុប្បន្ន អាមេរិកបានបង្កើនវត្តមានយោធាដ៏សម្បើមរបស់ខ្លួននៅសមុទ្រការីប៊ីន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនវេណេហ្ស៊ូអេឡាឡើយ។ ជាពិសេស អាមេរិកបានដាក់ពង្រាយសុទ្ធតែយន្តហោះចម្បាំងទំនើបៗ និងនាវាដឹកយន្តហោះខ្នាតធំថែមទៀតផង។ ប្រភពខ្លះបានបង្ហើបឱ្យដឹងថា ក្នុងសប្ដាហ៍នេះ អាមេរិកបានកោះប្រជុំមន្ត្រីកំពូលៗចំនួនបីលើកនៅសេតវិមាន ដើម្បីពិគ្រោះយោបល់អំពីការត្រៀមប្រតិបត្តិការសឹកនៅវេណេហ្ស៊ូអេឡា។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជូនយន្តហោះចម្បាំង F-35, នាវាចម្បាំងខ្នាតធំ និងនាវាមុជទឹកនុយក្លេអ៊ែរ ទៅកាន់តំបន់នោះរួចជាស្រេច។ នេះគឺជាការរៀបចំកម្លាំងយោធាបន្ទាប់ពីបើកយុទ្ធនាការបាញ់ប្រហារទូកសង្ស័យដឹកគ្រឿងញៀនចេញពីវេណេហ្ស៊ូអេឡា អស់យ៉ាងតិចម្ភៃករណី។ កាលពីដើមសប្ដាហ៍នេះ នាវាដឹកយន្តហោះរបស់អាមេរិកម៉ាក USS Gerald Ford បានបើកចូលតំបន់អាមេរិកឡាទីន ដោយពាំនាំទៅជាមួយនូវយន្តហោះ ៧៥ គ្រឿង និងទាហានជាង ៥ ពាន់នាក់។

កាលពីយប់មិញ លោកត្រាំបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងពេលឆាប់ៗនេះ លោកនឹងសម្រេចចិត្តថាតើត្រូវបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសវេណេហ្ស៊ូអេឡា ឬយ៉ាងណា ព្រោះរដ្ឋាភិបាលប្រទេសនេះត្រូវបានលោកចោទប្រកាន់ថារកស៊ីជាមួយក្រុមជួញដូរគ្រឿងញៀន ដែលលោកចាត់ទុកជាក្រុមភេរវកម្មគ្រឿងញៀន។ មន្ត្រីរដ្ឋាភិបាលអាមេរិកបួននាក់ និងប្រភពមួយទៀតដែលដឹងរឿងនេះច្បាស់ បានបង្ហើបឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមាតុភូមិបានរៀបចំឡើងនៅសប្ដាហ៍នេះ។ ក្នុងនោះ កិច្ចប្រជុំថ្មីបំផុតធ្វើឡើងកាលពីថ្ងៃសុក្រ។

ជាធម្មតា ក្រុមប្រឹក្សានេះគឺជាអ្នកផ្ដល់យោបល់ជូនប្រធានាធិបតីអាមេរិកអំពីបញ្ហាពាក់ព័ន្ធនឹងសន្តិសុខផ្ទៃក្នុងជាតិ។ បច្ចុប្បន្ន ប្រធានក្រុមប្រឹក្សានេះគឺលោក Stephen Miller ក្នុងនាមជាទីប្រឹក្សាសន្តិសុខមាតុភូមិរបស់លោកត្រាំ។ កាលពីថ្ងៃពុធ គេបានរៀបចំកិច្ចប្រជុំខ្នាតតូចបន្ទាប់ពីមានកិច្ចប្រជុំធំដែលចូលរួមសុទ្ធតែមន្ត្រីកំពូលៗដូចជា អនុប្រធានាធិបតី, ទីប្រឹក្សាសន្តិសុខមាតុភូមិ, រដ្ឋមន្ត្រីការពារជាតិ និងនាយអគ្គសេនាធិការកងទ័ពជាដើម។

លោកត្រាំបានឱ្យតម្រុយថា អាចនឹងមានការវាយប្រហារទ័ពជើងគោកចូលវេណេហ្ស៊ូអេឡា។ លោកបញ្ជាក់ថា លោកគ្មានបំណងផ្លាស់ប្ដូររបបដឹកនាំនៅប្រទេសនេះទេ។ ប៉ុន្តែប្រធានាធិបតីវេណេហ្ស៊ូអេឡា លោក ម៉ាឌូរ៉ូ នៅតែសង្ស័យថា លោកត្រាំចង់ផ្ដួលរំលំគាត់ពីអំណាច។ កាលពីខែសីហា អាមេរិកបានប្រកាសផ្ដល់ប្រាក់រង្វាន់ច្រើនលើសមុនទ្វេដងសម្រាប់អ្នកដែលផ្ដល់ព័ត៌មាននាំទៅដល់ការចាប់ខ្លួនលោកម៉ាឌូរ៉ូ។ ពោលគឺប្រាក់រង្វាន់ត្រូវបានដំឡើងដល់ ៥០ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពពី Channel News Asia។

administrator

Related Articles