ក្រសួងព័ត៌មាន បានចុះផ្សាយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះថា ការប្រើប្រាស់កម្លាំងដោយខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ដំណើរការកំណត់ព្រំដែន ដែលកំពុងបន្ត។
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះករណីបាញ់ប្រហារដោយគ្មានមូលហេតុពីសំណាក់កងកម្លាំងថៃ កាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ហេតុការណ៍ដ៏សោកសៅនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ។

ថ្លែងនៅក្នុងបទបង្ហាញជូនអង្គទូតបរទេស ស្តីពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ លោកជំទាវបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល គឺជាការរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ទង្វើបែបនេះ បានជះឥទ្ធិពលអវិជ្ជមានដល់ការងារកំណត់ព្រំដែន ដែលកំពុងដំណើរការដោយរលូន តាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ ២០២៥។

ក្នុងពិធីដដែល លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតជាបន្ទាន់លើករណីបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់ ដើម្បីស្វែងរកយុត្តិធម៌។
ប្រភព៖ ក្រសួងព័ត៌មាន
