ពង្រឹងយុវជនបក្ស! វគ្គបណ្ដុះបណ្ដាលជំនាន់ទី២ ផ្ដោតលើភាពជាអ្នកដឹកនាំយូរអង្វែង ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងសម្ដេច ហ៊ុន ម៉ាណែត

ពង្រឹងយុវជនបក្ស! វគ្គបណ្ដុះបណ្ដាលជំនាន់ទី២ ផ្ដោតលើភាពជាអ្នកដឹកនាំយូរអង្វែង ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងសម្ដេច ហ៊ុន ម៉ាណែត

វិមាន៧មករា៖ យុវជនគណបក្សប្រជាជនកម្ពុជា មកពីក្រសួងកិច្ចការនារី ចំនួន ២ រូប រួមជាមួយសិក្ខាកាមប្រមាណ ១៧៤ នាក់ផ្សេងទៀត បានចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយ ស្តីពី “ការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាព នៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស” ជំនាន់ទី២។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសម្រាប់យុវជនគណបក្សប្រជាជនកម្ពុជា ផ្នែកក្រសួង-ស្ថាប័ន កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ (ត្រូវនឹង ១១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩)។

វគ្គបណ្តុះបណ្តាលដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល។ លោកបណ្ឌិតបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

វត្តមានចូលរួមដ៏ផុសផុល ក៏មានពីសំណាក់លោកអនុប្រធានគណៈប្រចាំការ លោកសមាជិកគណៈប្រចាំការ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សយុវជនផ្នែកក្រសួង-ស្ថាប័ន ព្រមទាំងឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាលជាច្រើនរូបទៀតផងដែរ។

ខ្លឹមសារសំខាន់ៗដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងវគ្គនេះ រួមមាន៖
១. ការស្វែងយល់ស៊ីជម្រៅពីប្រវត្តិ បុព្វហេតុ និងបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់គណបក្ស។
២. ការយល់ដឹងច្បាស់លាស់ពីលក្ខន្តិកៈរបស់គណបក្ស។
៣. ការកសាង និងពង្រឹងអត្តចរិតល្អប្រពៃរបស់មន្រ្តីគណបក្ស។
៤. ការវិភាគលើសភាពការណ៍អន្តរជាតិ សភាពការណ៍ជាតិ និងការកំណត់ភារកិច្ចចំពោះមុខរបស់មន្រ្តីគណបក្សដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ។





វគ្គបណ្តុះបណ្តាលនេះ រំពឹងថានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យកាន់តែមានសមត្ថភាពខ្ពស់ក្នុងការបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើន និងស្ថិរភាពយូរអង្វែងតទៅមុខទៀត។
ដោយ ៖ សិលា

administrator

Related Articles