គ្រោះថ្នាក់! ម៉ូតូឌ្រីម២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅភ្នំពេញ បណ្តាលឱ្យរបួសម្នាក់បាក់ដៃ

គ្រោះថ្នាក់! ម៉ូតូឌ្រីម២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងនៅភ្នំពេញ បណ្តាលឱ្យរបួសម្នាក់បាក់ដៃ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ដៃម្ខាងធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតដែលកំពុងឆ្លងផ្លូវ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL 9159 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានបម្រុងបត់ឆ្លងផ្លូវ។

ភ្លាមៗនោះ ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX 4857 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បានជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីម្ខាងទៀតបាក់ដៃម្ខាងតែម្ដង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈជាបន្ទាន់ ដើម្បីសង្គ្រោះអាយុជីវិត។



ករណីនេះ ក៏ជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ជានិច្ច ដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុ។

ដោយ៖ សុខា សែនជ័យ

administrator

Related Articles