សហរដ្ឋអាមេរិក៖ លោកអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ៗថា លោកនឹងដាក់ពាក្យប្តឹងបណ្តាញសារព័ត៌មាន BBC ទៅកាន់តុលាការ ដើម្បីទាមទារប្រាក់សំណងការខូចខាតរហូតដល់ ៥ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Time កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។ ការថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោក ត្រាំ កំពុងផ្តល់បទសម្ភាសន៍ពិសេសមួយនៅលើយន្តហោះ។ 
ជម្លោះរវាងលោក ដូណាល់ ត្រាំ និង BBC បានផ្ទុះឡើង បន្ទាប់ពីអ្នកកាសែតអង់គ្លេសម្នាក់បានផ្សព្វផ្សាយវីដេអូព័ត៌មានមួយ ដែលមានខ្លឹមសារបញ្ជាក់ថា លោក ដូណាល់ ត្រាំ គឺជាអ្នកញុះញង់ឱ្យមានអំពើហិង្សានៅវិមានកាពីតូល កាលពីឆ្នាំ២០២១។ ហេតុការណ៍នោះ គឺជាពេលដែលក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកចូលវិមានកាពីតូល ហើយត្រូវបានកម្លាំងប៉ូលិសអាមេរិកបង្ក្រាបយ៉ាងចាស់ដៃ។
ក្រោយពីផ្សព្វផ្សាយព័ត៌មាននេះបានមួយរយៈខ្លី បណ្តាញសារព័ត៌មាន BBC ក៏បានចេញមុខធ្វើការសុំទោសជាសាធារណៈ រួចធ្វើការកែប្រែខ្លឹមសារព័ត៌មាននោះឡើងវិញ ដោយទទួលស្គាល់ថាវាជាព័ត៌មានមិនពិត។ យ៉ាងណាក្តី លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ការសុំទោសតែប៉ុណ្ណឹង គឺមិនគ្រប់គ្រាន់នោះទេ ហើយលោកនឹងបន្តប្តឹងទៅកាន់តុលាការនៅសប្តាហ៍ក្រោយ ដើម្បីទាមទារសំណងចន្លោះពី ១ ទៅ ៥ពាន់លានដុល្លារ។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
