អ៊ីរ៉ង់ ប្រកាសបញ្ឈប់ការបង្កើនជាតិអ៊ុយរ៉ាញ៉ូម តែមិនបោះបង់សិទ្ធិនុយក្លេអ៊ែរ ទោះរងការវាយប្រហារ!

អ៊ីរ៉ង់ ប្រកាសបញ្ឈប់ការបង្កើនជាតិអ៊ុយរ៉ាញ៉ូម តែមិនបោះបង់សិទ្ធិនុយក្លេអ៊ែរ ទោះរងការវាយប្រហារ!

ក្រុងតេអេរ៉ង់ ប្រកាសកាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ថា បានបញ្ឈប់សកម្មភាពបង្កើនជាតិអ៊ុយរ៉ាញ៉ូមនៅតាមទីតាំងនុយក្លេអ៊ែររបស់ខ្លួនហើយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលបានបំផ្លាញទីតាំងសំខាន់មួយកាលពីខែមិថុនា។ ការប្រកាសនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ផ្ទាល់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនបោះបង់ចោលជាដាច់ខាតនូវសិទ្ធិរបស់ខ្លួនក្នុងការបង្កើនជាតិអ៊ុយរ៉ាញ៉ូម ឬអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរនោះឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់ លោករដ្ឋមន្ត្រីការបរទេស Abbas Araghchi បានបញ្ជាក់ទៅកាន់អ្នកកាសែត Associated Press ថា មិនមានការបង្កើនជាតិអ៊ុយរ៉ាញ៉ូមណាមួយដែលមិនបានប្រកាសនោះឡើយនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកបន្ថែមថា ទីតាំងនុយក្លេអ៊ែរទាំងអស់សុទ្ធតែស្ថិតក្រោមការការពារ និងការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA)។

នៅពេលអ្នកសារព័ត៌មានសួរអំពីលក្ខខណ្ឌសម្រាប់ការបន្តកិច្ចចរចាជាមួយសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត លោក Araghchi បានបញ្ជាក់យ៉ាងច្បាស់ថា «ជំហររបស់អ៊ីរ៉ង់នៅតែមិនប្រែប្រួល»។ លោកអះអាងថា សិទ្ធិរបស់អ៊ីរ៉ង់ក្នុងការបង្កើនជាតិអ៊ុយរ៉ាញ៉ូមសម្រាប់បច្ចេកវិទ្យានុយក្លេអ៊ែរដោយសន្តិវិធី គឺជារឿងដែលមិនអាចចរចាបានឡើយ។

លោក Araghchi បានបន្តទៀតថា អ៊ីរ៉ង់នៅតែបន្តរក្សាសិទ្ធិរបស់ខ្លួន ហើយសង្ឃឹមថាសហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាមេរិក នឹងទទួលស្គាល់សិទ្ធិនេះ។ យ៉ាងណាមិញ លោកបានបង្ហាញទស្សនៈអវិជ្ជមានចំពោះការបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយអាមេរិក ដោយយល់ថា វិធីសាស្ត្ររបស់រដ្ឋបាលអាមេរិកមិនបានបង្ហាញពីឆន្ទៈក្នុងការចរចាប្រកបដោយសមភាព និងយុត្តិធម៌ ដើម្បីសម្រេចបានផលប្រយោជន៍រួមនោះទេ។

គួរបញ្ជាក់ថា អ៊ីរ៉ង់ធ្លាប់បានបង្កើនជាតិអ៊ុយរ៉ាញ៉ូមរហូតដល់កម្រិតបរិសុទ្ធ ៦០% ដែលស្ទើរតែដល់កម្រិតអាចផលិតអាវុធបាន បន្ទាប់ពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ កាលពីឆ្នាំ ២០១៨។ ទោះជាយ៉ាងនេះក្តី ទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហរថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងសន្តិភាពពេញលេញប៉ុណ្ណោះ។

administrator

Related Articles