យោងតាមក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានៅភូមិព្រៃចាន់ គឺភាគីថៃមានបំណងចង់បង្កឱ្យមានការផ្ទុះអាវុធភ្លាមៗ។

ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចប្រធានព្រឹទ្ធសភា ដែលអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចោទជាសំនួរថា តើលទ្ធផលនឹងទៅជាយ៉ាងណា ប្រសិនបើកម្ពុជាបណ្តោយឱ្យស្ថានការណ៍ផ្ទុះអាវុធ? សម្តេចបានបញ្ជាក់ថា គេ (ភាគីថៃ) កំពុងញុះញង់ឱ្យយើងផ្ទុះអាវុធ ដោយការបាញ់ប្រហារលើជនស៊ីវិល និងបាញ់ចំពាមកៅស៊ូមកលើយើងស្ទើររាល់ថ្ងៃ។ ប៉ុន្តែកម្ពុជាមិនបានតបតនោះទេ ព្រោះយើងគោរពតាមដំណើរការនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលមានម៉ាឡេស៊ី អាមេរិក ចិន និងមិត្តភក្តិអន្តរជាតិជាច្រើនទៀតបានចុះហត្ថលេខា និងដឹងឮ។

សូមរំលឹកថា កងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារយ៉ាងព្រៃផ្សៃដោយគ្មានមូលហេតុ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍បាញ់ប្រហារពីរលើកនេះ បានបណ្តាលឱ្យពលរដ្ឋខ្មែរស៊ីវិលរងរបួសចំនួន ៣នាក់ និងបាត់បង់ជីវិត ១នាក់។

តាមរយៈក្រសួងការពារជាតិ កម្ពុជាបានអំពាវនាវដល់ភាគីថៃឱ្យបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ ដោយម៉ឺងម៉ាត់ ស្មោះត្រង់ និងសុច្ឆន្ទៈពិតប្រាកដ។ ព្រះរាជាណាចក្រកម្ពុជាក៏បានស្នើសុំឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយការបាញ់ប្រហាររបស់យោធាថៃមកលើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។
កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងដាច់ខាតចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដើម្បីស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
ប្រភព៖ ក្រសួងព័ត៌មាន
