ទីក្រុងបាងកក៖ រោងចក្រមួយកន្លែងស្ថិតក្នុងខេត្តអាងថង (Ang Thong) ភាគកណ្ដាលប្រទេសថៃ ត្រូវបានរាយការណ៍ថាបានផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយបណ្ដាលឱ្យមានមនុស្សជាច្រើននាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ភ្លាមៗក្រោយទទួលដំណឹងអំពីហេតុការណ៍នេះ សមត្ថកិច្ចប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងស៊ើបអង្កេត។ របាយការណ៍បឋមបានបង្ហាញថា មានកម្មករជាច្រើននាក់បានរងរបួស ខណៈចំនួនពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

សាក្សីនៅកន្លែងកើតហេតុ និងក្រុមអ្នកសារព័ត៌មានបានរាយការណ៍ថា អណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីរោងចក្រ ហើយផ្សែងខ្មៅក្រាស់បានហុយឡើងលើមេឃយ៉ាងទ្រលោម។ មកទល់ពេលនេះ មូលហេតុពិតប្រាកដនៃការផ្ទុះឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចនៅឡើយ។

