កាលពីសប្ដាហ៍មុននេះ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអធិបញ្ជាដ៏សំខាន់មួយ ដើម្បីដកចេញនូវកសិផលនាំចូលមួយចំនួនធំ ចេញពីបញ្ជីពន្ធបដិការដែលរដ្ឋបាលរបស់លោកធ្លាប់បានដាក់ចេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានពីសេតវិមាន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ កសិផលដែលត្រូវបានលើកលែងពន្ធទាំងនោះ រួមមាន កាហ្វេ តែ ផ្លែឈើ និងទឹកផ្លែឈើត្រូពិក កាកាវ គ្រឿងទេស ចេក ក្រូច ប៉េងប៉ោះ និងសាច់គោ។ មិនត្រឹមតែប៉ុណ្ណោះ ជីកសិកម្មក៏ត្រូវបានដកចេញពីបញ្ជីពន្ធបដិការនេះផងដែរ។ ការលើកលែងពន្ធនេះបានចូលជាធរមានតាំងពីថ្ងៃទី ១៣ ខែវិច្ឆិកាមកម្ល៉េះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ លោក ត្រាំ បានលើកឡើងថា ការលើកលែងពន្ធគយនេះ នឹងជួយកាត់បន្ថយតម្លៃទំនិញនៅលើទីផ្សារ ហើយភាគច្រើនវាត្រូវបានអនុវត្តទៅលើប្រភេទអាហារដែលសហរដ្ឋអាមេរិកពឹងផ្អែកខ្លាំងលើការនាំចូល ជាក់ស្ដែងដូចជាចេកជាដើម។ 
លោកបានបញ្ជាក់បន្ថែមថា៖ «យើងមិនបានផលិតផលិតផលទាំងនេះនៅក្នុងប្រទេសរបស់យើងទេ ដូច្នេះហើយវាមិនចាំបាច់ក្នុងការការពារឧស្សាហកម្ម ឬផលិតផលអាហារទាំងនោះរបស់យើងនោះទេ»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលោក ត្រាំ ឡើងកាន់អំណាចមក លោកធ្លាប់បានដាក់ពន្ធទៅលើទំនិញនាំចូលពីស្ទើរគ្រប់ប្រទេស ក្នុងអត្រាចន្លោះពី ១០% ទៅ ៤០% ឬច្រើនជាងនេះទៅទៀត ដោយមានហេតុផលថា ដើម្បីការពារ និងពង្រឹងផលិតកម្មក្នុងស្រុក។ ទោះជាយ៉ាងណា ការសម្រេចដកទំនិញកសិកម្មសំខាន់ៗចេញពីបញ្ជីពន្ធបដិការនៅពេលនេះ គឺស្របពេលដែលរដ្ឋបាលរបស់លោកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីបញ្ហាអតិផរណា ដែលជាបញ្ហាមួយដែលលោក ត្រាំ ធ្លាប់បានសន្យាថានឹងដោះស្រាយមុនពេលលោកជាប់ឆ្នោតជាប្រធានាធិបតី។
កន្លងមក លោក ត្រាំ តែងតែអះអាងថា ពន្ធដែលលោកបានដាក់មិនមែនជាមូលហេតុដែលធ្វើឲ្យតម្លៃទំនិញនៅអាមេរិកឡើងថ្លៃនោះទេ។ ប៉ុន្តែបើតាមទិន្នន័យពីគ្រប់គ្រងសហព័ន្ធ តម្លៃម្ហូបអាហារនៅសហរដ្ឋអាមេរិកបានកើនឡើង ៣,១% ចាប់ពីដើមឆ្នាំរហូតដល់ខែកញ្ញា (ទាបជាងកម្រិតខ្ពស់បំផុត ១១,៤% នៅក្នុងឆ្នាំ ២០២២)។ ជាក់ស្ដែង តម្លៃសាច់គោបានកើនឡើង ១២,៩% បើធៀបនឹងខែកញ្ញាឆ្នាំមុន ខណៈដែលតម្លៃផ្លែចេកបានកើនឡើង ៦,៩% និងកាហ្វេលីងក៏បានកើនឡើង ១៨,៩% ផងដែរ។
