ក្រុមជ្រុលនិយមថៃគំរាមបាតុកម្មទ្រង់ទ្រាយធំ! អាចសម្រុកចូលស្ថានទូតអាមេរិក-ម៉ាឡេស៊ី ថ្ងៃទី២២ វិច្ឆិកា

ក្រុមជ្រុលនិយមថៃគំរាមបាតុកម្មទ្រង់ទ្រាយធំ! អាចសម្រុកចូលស្ថានទូតអាមេរិក-ម៉ាឡេស៊ី ថ្ងៃទី២២ វិច្ឆិកា

ក្រុមជ្រុលនិយមថៃ ដែលហៅខ្លួនឯងថា «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគំរាមប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ និងអាចសម្រុកចូលស្ថានទូតសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដែលមានទីតាំងក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Amarin កាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រុមជ្រុលនិយមមួយនេះ ក្រោមការដឹកនាំដោយឥស្សរជនសំខាន់ៗដូចជា Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik បានធ្វើសន្និសីទសារព័ត៌មានយ៉ាងគគ្រឹកគគ្រេងនៅស្ថានីយទូរទស្សន៍ Peace ដោយបានប្រកាសជំហរយ៉ាងមុតមាំថា ពួកគេមិនអាចទទួលយកបានឡើយ ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ ពីសំណាក់ភាគីអាមេរិក និងម៉ាឡេស៊ី។

ក្រុមនេះបានអំពាវនាវដល់ប្រជាពលរដ្ឋថៃទូទាំងប្រទេស ឱ្យចូលរួមប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹក តទៅ ដោយចាប់ផ្តើមពីមុខស្ថានទូតម៉ាឡេស៊ី រួចបន្តដំណើរទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងអ្វីដែលពួកគេចាត់ទុកជាការជ្រៀតជ្រែកអធិបតេយ្យភាពជាតិ។

ពួកគេបានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរថា សហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានចូលរួមសមគំនិតក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពរវាងកម្ពុជា-ថៃ ដែលជាទង្វើបង្ហាញពីការលូកលាន់កិច្ចការផ្ទៃក្នុង។ លើសពីនេះ ក្រុមជ្រុលនិយមបានចោទចំៗទៅលើសហរដ្ឋអាមេរិកថា បានប្រើប្រាស់កម្ពុជានិងម៉ាឡេស៊ីជាឧបករណ៍ ក្រោមលេសគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» (America First) របស់លោក ដូណាល់ ត្រាំ។ ពួកគេថែមទាំងអះអាងថា ជំហររបស់អាមេរិកនិងម៉ាឡេស៊ី ខ្វះភាពអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនបានផ្តល់តម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីតែបន្តិច។

គួររំលឹកផងដែរថា ក្រុមជ្រុលនិយមថៃមួយនេះ តែងតែជាអ្នកអុជបញ្ឆេះភាពតានតឹង និងនាំឱ្យកើតមានសង្គ្រាម ដោយមិនដែលបង្ហាញពីបំណងចង់បានសន្តិភាពម្តងណាឡើយ។ ពួកគេតែងជំទាស់រាល់ដំណោះស្រាយការទូតដើម្បីកាត់បន្ថយភាពតានតឹង និងតែងបង្កបញ្ហាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

administrator

Related Articles