សម្តេចតេជោ ហ៊ុន សែន៖ ពុទ្ធចក្រ និងអាណាចក្រ ជាមូលដ្ឋានគ្រឹះមិនអាចកាត់ផ្តាច់បាន សម្រាប់ការអភិវឌ្ឍជាតិ!

សម្តេចតេជោ ហ៊ុន សែន៖ ពុទ្ធចក្រ និងអាណាចក្រ ជាមូលដ្ឋានគ្រឹះមិនអាចកាត់ផ្តាច់បាន សម្រាប់ការអភិវឌ្ឍជាតិ!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពមិនអាចកាត់ផ្តាច់បានរវាងអាណាចក្រ (រដ្ឋ) និងពុទ្ធចក្រ (សាសនា) នៅក្នុងសង្គមខ្មែរ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍បំពេញឱ្យគ្នាទៅវិញទៅមក រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការដឹកនាំប្រទេសចាប់តាំងពីឆ្នាំ១៩៧៩មក។ សម្តេចបានពន្យល់ថា «ចំណងទាក់ទងបដិសច្ចសមុប្បាទ ឬហៅថា វិចារវិទ្យា គឺជាការបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈរដ្ឋជួយលើវិស័យសាសនា ហើយវិស័យសាសនាផ្តល់ផលត្រឡប់មកវិញ ឱ្យរដ្ឋងាយស្រួលគ្រប់គ្រង តាមរយៈមនុស្សល្អ»។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា ព្រះពុទ្ធសាសនាគឺជាកម្លាំងចលករដ៏សកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងចេរភាព។ ទន្ទឹមនឹងនេះ សម្តេចក៏បានបន្តអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីបង្ហាញពី«ខឿនការពារជាតិ»ដ៏រឹងមាំ ប្រឆាំងការឈ្លានពានទឹកដី។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានលើកឡើងផងដែរថា បើទោះជាកម្ពុជាបានយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក្តី ក៏កម្ពុជាពុំមានសង្រ្គាមសាសនានោះឡើយ ពោលគឺមានសុខដុមនីយកម្មសាសនាដ៏ល្អប្រសើរ ខណៈប្រជាពលរដ្ឋខ្មែរមានជំនឿសាសនាផ្សេងៗគ្នា។

administrator

Related Articles