ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការហួសចិត្តចំពោះអ្នកវិភាគមួយចំនួន ដែលហាក់មិនយល់ច្បាស់ពីតួនាទី និងជំហររបស់សម្ដេចក្នុងបច្ចុប្បន្ន។ សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចដឹងយ៉ាងច្បាស់នូវអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ដោយប្រតិកម្មតបទៅនឹងការរិះគន់របស់បណ្ឌិតម្នាក់ ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្សេងៗ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដោយសម្ដេចបានសង្កត់ធ្ងន់ថា បណ្ឌិតរូបនេះមិនបានយល់ពីទីតាំងឈរជើងរបស់សម្ដេចឡើយ។
សម្ដេចតេជោបានពន្យល់ថា សម្ដេចមិនអាចបំពេញការងារជំនួសនាយករដ្ឋមន្ត្រីបានឡើយ ដូចគ្នានឹងសម្ដេច ស ខេង ដែលមិនអាចធ្វើការជំនួសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែរ។ សម្ដេចបានគូសបញ្ជាក់ពីអាទិភាពនៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសតាមរយៈយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ក្នុងការដោះស្រាយបញ្ហា។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ឲ្យរួបរួមគ្នាលើកកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីពង្រឹងព្រះពុទ្ធសាសនាឲ្យកាន់តែរុងរឿង និងផ្សព្វផ្សាយទ្រឹស្ដីព្រះពុទ្ធសាសនាឲ្យបានទូលំទូលាយបន្ថែមទៀត ប្រកបដោយសច្ចធម៌ និងយុត្តិធម៌សង្គម។
សម្ដេចក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការកសាងខឿនការពារជាតិដ៏រឹងមាំ ដែលមិនមែនត្រឹមតែកងទ័ពប៉ុណ្ណោះទេ តែទាមទារឲ្យមានការចូលរួមពីគ្រប់ស្រទាប់វណ្ណៈនៃបងប្អូនប្រជាពលរដ្ឋទាំងអស់។
ដោយ ៖ សិលា
