លោក ឈាង រ៉ា ៖ ការវះកាត់ជាស្នូលសង្គ្រោះជីវិតអ្នកជំងឺមហារីក!

លោក ឈាង រ៉ា ៖ ការវះកាត់ជាស្នូលសង្គ្រោះជីវិតអ្នកជំងឺមហារីក!

រាជធានី​ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការ​វះកាត់​ក្នុង​ការព្យាបាល​ជំងឺមហារីក ដោយ​ចាត់ទុកថា​ជា​ស្នូល​នៃ​ការ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ឱ្យជា​សះស្បើយ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។ ការថ្លែង​នេះ​ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និសីទ​សល្យសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី៣០ កាលពី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ «​ភាព​ប្រឈម​នៃ​ការវះកាត់​ជំងឺមហារីក​»។

លោករដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក។ លោក​បាន​ជំរុញ​ឱ្យ​វេជ្ជបណ្ឌិត និង​ក្រុម​គ្រូពេទ្យ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​សេវា​ព្យាបាល​មហារីក​ប្រកបដោយ​ឧត្ដមគតិ សមធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ។

ទន្ទឹមនឹងនោះ លោក​ក៏បាន​ណែនាំ​ឱ្យ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍​សម្ភារ​ទំនើបៗ ការ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​ឱ្យ​ចំ​គោលដៅ និង​ទាន់ពេលវេលា រួមទាំង​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​គុណភាព និង​សុវត្ថិភាព។ លោក ឈាង រ៉ា ក៏បាន​ជំរុញ​ឱ្យ​ពង្រីក​ការព្យាបាល​ទៅដល់​មន្ទីរពេទ្យ​គ្រប់​កម្រិត និង​ពង្រឹង​ការបណ្ដុះបណ្ដាល​បន្តបន្ទាប់​ជាមួយ​ប្រព័ន្ធ​កត់ត្រា​ព័ត៌មាន​ច្បាស់លាស់។

ជាពិសេស លោករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​វះកាត់​ទាំងអស់​ឱ្យ​ខិតខំ​រៀនសូត្រ ហ្វឹកហាត់​ការងារ​ជាប្រចាំ រក្សា​សាមគ្គីភាព និង​សហការគ្នា​ឱ្យបាន​ល្អ។ លោក​បាន​គូសបញ្ជាក់​ថា «​ជោគជ័យ​នៃ​ការវះកាត់ គឺ​ស្ថិត​នៅ​លើ​លទ្ធផល​ចុងក្រោយ​ដែល​អ្នកជំងឺ​ជាសះស្បើយ​ទាន់ពេលវេលា ជាមួយ​សុវត្ថិភាព និង​គុណភាព​ជីវិត​ល្អប្រសើរ។ ដូច្នេះ​ត្រូវ​គិតគូរ​ឱ្យបាន​សព្វគ្រប់​ទាំង​មុន​ពេល ពេល​កំពុង និង​ក្រោយ​ពេល​វះកាត់»។

លោក​បាន​បន្ថែមថា ការវះកាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សមរម្យ គឺជា​គោលនយោបាយ​គន្លឹះ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល។ ការធានា​នូវ​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ដោយ​មិន​បង្ក​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ គឺជា​កត្តា​សំខាន់​ក្នុងការ​សម្រេចបាន​នូវ​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅកាន់​ការគ្របដណ្ដប់​សុខភាព​ជាសកល។

administrator

Related Articles