ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យអ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីល្បាញប្រចាំស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយលើពិភពលោក គឺលោក Michaël Darmon និងលោក Yves Derai ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការស្នើសុំអនុសាសន៍ណែនាំលើគម្រោងថតភាពយន្តឯកសារដ៏សំខាន់មួយ ស្តីពី “ការរីកចម្រើនរុងរឿងរបស់កម្ពុជា” ដែលបង្ហាញពីភាពជោគជ័យក្រោមការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិសម្ដេចតេជោ រហូតដល់សម្តេចធិបតីនាពេលបច្ចុប្បន្ន។
ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមដ៏ត្រចះត្រចង់របស់អ្នកសារព័ត៌មានបារាំងទាំងពីររូប ដែលមានបំណងថតខ្សែភាពយន្តឯកសារជាប្រវត្តិសាស្រ្តដ៏ស៊ីជម្រៅនេះ។ ភាពយន្តនេះ នឹងមិនត្រឹមតែឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នូវសក្តានុពលទេសចរណ៍ដ៏រុងរឿងរបស់កម្ពុជា ជាមួយនឹងឱកាសវិនិយោគដ៏ល្អប្រសើរ ជាពិសេសក្នុងវិស័យទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយផលិតករ ដើម្បីសម្រេចគម្រោងដ៏មានសារៈសំខាន់នេះ។ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់ប្រជាជនកម្ពុជា និងប្រជាជនទូទាំងពិភពលោក ឲ្យបានយល់ដឹងកាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អច្ឆរិយនៃរាជធានីភ្នំពេញជាមួយទន្លេ៤ប្រសព្វគ្នា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងល្បីល្បាញតាមរយៈ “ស្នាមញញឹមកម្ពុជា”។ អ្វីដែលពិសេសបំផុតនោះ គឺកត្តាសុខសន្តិភាព សុវត្ថិភាព និងការរីកចម្រើនគ្រប់វិស័យដែលប្រទេសកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។
យោងតាមការជម្រាបជូនពីសំណាក់ផលិតករ ខ្សែភាពយន្តឯកសារប្រវត្តិសាស្ត្រនេះ នឹងគ្រោងចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
