ចិនបង្កើនវត្តមាននៅក្បែរកោះជប៉ុន! ក្រោយសម្តីនាយករដ្ឋមន្ត្រីជប៉ុនលើករណីតៃវ៉ាន់ ភាពតានតឹងឡើងកម្ដៅ!

ចិនបង្កើនវត្តមាននៅក្បែរកោះជប៉ុន! ក្រោយសម្តីនាយករដ្ឋមន្ត្រីជប៉ុនលើករណីតៃវ៉ាន់ ភាពតានតឹងឡើងកម្ដៅ!

(ប៉េកាំង)៖ កងឆ្មាំសមុទ្រចិន បានប្រកាសថា កងនាវារបស់ខ្លួនបានបើកល្បាតឆ្លងកាត់ដែនទឹកក្បែរទីប្រជុំកោះ Senkaku (ដែលប៉េកាំងហៅថា Diaoyu) កាលពីថ្ងៃអាទិត្យ ខណៈភាពតានតឹងរវាងចិន និងជប៉ុន កំពុងកើនឡើងខ្លាំង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជម្លោះការទូតរវាងប្រទេសមហាអំណាចទាំងពីរ បានផ្ទុះខ្លាំងឡើង ចាប់តាំងពីលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងប្រាប់សភាជប៉ុន កាលពីថ្ងៃទី៧ ខែវិច្ឆិកា ថា ប្រសិនបើចិនបើកការវាយប្រហារលើតៃវ៉ាន់ នោះអាចនឹងបង្កឱ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន។ ការអត្ថាធិប្បាយនេះ បានធ្វើឱ្យទីក្រុងប៉េកាំងមិនពេញចិត្តយ៉ាងខ្លាំង ហើយបានទាមទារឱ្យលោកស្រី Takaichi ដកសម្តីរបស់ខ្លួនវិញ។
កងឆ្មាំសមុទ្រចិន

ចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលជម្រើសនៃការប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងដែនកោះនេះឡើយ។ ចំណែកឯបញ្ហាទីប្រជុំកោះ Senkaku (Diaoyu) ក៏ជាចំណុចរសើបមួយ ដែលជប៉ុន និងចិន តែងតែប្រឈមមុខដាក់គ្នាជាច្រើនលើករួចមកហើយ។
ទង់ជាតិចិន និងជប៉ុន

គួររំលឹកថា ចំពោះមុខភាពតានតឹងដែលកើនឡើងដោយសារតែសម្តីរបស់លោកស្រី Takaichi នេះ ទីក្រុងប៉េកាំងបានកោះហៅឯកអគ្គរាជទូតជប៉ុនកាលពីសប្ដាហ៍នេះ ដែលជាលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ។ ក្រសួងការពារជាតិចិន ក៏បានប្រកាសព្រមានផងដែរថា រាល់សកម្មភាពជ្រៀតជ្រែកណាមួយពីជប៉ុន មុខជានឹងទទួលបរាជ័យមិនខាន។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃសុក្រ ចិនថែមទាំងបានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួន មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសជប៉ុនទៀតផង។ ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles