ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) យ៉ាងសកម្មក្នុងក្រុងបាវិត។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលខេត្តនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ជនសង្ស័យរូបនេះមានឈ្មោះ តាំង ម៉ាណែត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨និង៥០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់ បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក ១៧ PROMAX ពណ៌ទឹកក្រូច របស់ខ្លួននៅចំណុចផ្លូវកំពង់ស្ពានកែងក្លឹបប៊ីលានថាម (BILLION TIME) ភូមិបាវិតកណ្ដាល សង្កាត់បាវិត។

រហូតដល់ម៉ោង៩និង៣៥នាទី ថ្ងៃខែដដែល ប៉ុស្តិ៍ក៏បានទទួលបណ្ដឹងមួយច្បាប់ទៀតពីជនរងគ្រោះជាជនជាតិវៀតណាម ដែលមានទីលំនៅខេត្តខាន់ហ្វា ប្រទេសវៀតណាម បានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស បានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួននៅចំណុចផ្លូវជាតិលេខ១ ខាងមុខប្រៃសេនីយ៍ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (សង្ស័យជាមុខសញ្ញាតែមួយ)។ ជនរងគ្រោះបានបាត់បង់ទូរស័ព្ទដៃ០២គ្រឿង ម៉ាក ១៧ PROMAX ពណ៌ស និងម៉ាក iPhone 14 មួយគ្រឿង ព្រមទាំងប្រាក់១លានដុង។
ក្រោយពីទទួលបានបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ។ លុះដល់ម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចក៏បានកំណត់មុខសញ្ញាជនសង្ស័យនេះ រួចធ្វើការសហការជាមួយអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងទូរស័ព្ទចំនួន៣គ្រឿង យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃទាំងពីរករណីនេះ នៅក្រុងបាវិត ពិតប្រាកដមែន។
