ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ សម្តេចតេជោបានថ្លែងនូវប្រសាសន៍សំខាន់ៗជាច្រើន ដែលផ្តោតលើព្រះពុទ្ធសាសនា ការអភិវឌ្ឍសង្គម និងបញ្ហាការពារបូរណភាពទឹកដី។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលបានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយសាសនាទាំងអស់នៅកម្ពុជាអាចរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា ដោយគ្មានជម្លោះសាសនាឡើយ។ សម្តេចបានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាជាកម្លាំងចលករដ៏សកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមានទាំងផ្លូវចិត្ត និងផ្លូវកាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងចេរភាព។
សម្តេចតេជោបានបន្ថែមថា វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ គឺជាចំណងទាក់ទង និងការបំពេញគ្នាទៅវិញទៅមក។ សម្តេចបានបញ្ជាក់ថា គ្មានសាសនាណាមួយដែលប្រដៅឲ្យសាសនិករបស់ខ្លួនប្រព្រឹត្តអំពើអាក្រក់នោះទេ គឺគេតែងតែអប់រំប្រដៅឲ្យប្រព្រឹត្តអំពើល្អ មានសីលធម៌ល្អ និងគុណធម៌ល្អទាំងអស់។ ព្រះសង្ឃ ឬសាសនិកដទៃទៀត អាចចូលរួមអប់រំមនុស្ស និងអភិរក្សអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីពុទ្ធឱវាទ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់រួបរួមគ្នា លើកកម្ពស់ស្មារតីសាមគ្គីធម៌ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឲ្យកាន់តែល្អប្រសើរ និងផ្សព្វផ្សាយទ្រឹស្តីព្រះពុទ្ធសាសនាឲ្យបានទូលំទូលាយ ស្របតាមសច្ចធម៌ និងយុត្តិធម៌សង្គម។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឲ្យមានការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការកសាងខឿនការពារជាតិ ដែលមិនមែនត្រឹមតែកងទ័ពនោះទេ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។

ទាក់ទងនឹងបញ្ហាការពារបូរណភាពទឹកដី សម្តេចតេជោបានថ្លែងថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឲ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។ សម្តេចបានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេសជិតខាង ដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួន ដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួន ដោយចោទសួរថា តើអ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?
ក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ សម្តេចបានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងអាចនាំចេញទៅក្រៅប្រទេសផងដែរ។ សម្តេចបានលើកឡើងពីករណីយោធាថៃបាញ់ប្រហារលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ដោយសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានសុំយោបល់សម្ដេចជាមុនផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា យើងមិនមែនខ្លាចវាយតបទេ ប៉ុន្តែវាយហើយបានផលអ្វីមកវិញ? ហើយបានចោទសួរអ្នកខាងក្រៅថា តើបានថ្កោលទោសយោធាថៃដែលបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរហើយឬនៅ?
សម្តេចតេជោបានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។ សម្តេចប្រឆាំងដាច់ខាតចំពោះសំណើណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះថៃជាអ្នកបិទដោយឯកតោភាគី។ ផ្ទុយទៅវិញ កម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។
ជុំវិញការដោះស្រាយបញ្ហាព្រំដែន សម្តេចបានថ្លែងថា ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ ហើយកាលពីម្សិលមិញ ក្រុមការងារ GBC ក៏បានដើរវាស់វែងបង្គោលព្រំដែនបន្ថែមទៀត។ សម្តេចស្នើឱ្យទុកភារកិច្ចនេះដល់អ្នកជំនាញ។ សម្តេចបានប្រៀបធៀបទំហំពាណិជ្ជកម្មកម្ពុជា និងថៃថា ភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ៗដូចគ្នា ប៉ុន្តែកម្ពុជាលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ ចំណែកថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។
សម្តេចតេជោបានច្រានចោលការយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្តិភាព ហើយបានបញ្ជាក់ថា គ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដីដើម្បីទទួលបានសន្តិភាពនោះទេ។ សម្តេចអំពាវនាវឲ្យប្រជាពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ខណៈពេលនេះការចរចាបានឈានដល់កម្រិតកំពូលហើយដែលមានមហាអំណាចចូលរួម ដូច្នេះសូមអ្នកខាងក្រៅកុំចូលមកញុះញង់ឲ្យផ្ទុះអាវុធ។
សម្តេចក៏បានរំលឹកពីករណីកងទ័ពកម្ពុជា១៨នាក់ដែលត្រូវចាប់ខ្លួនក្រោយបទឈប់បាញ់ ដោយចាត់ទុកថាបងប្អូនវីរកងទ័ពទាំងនោះបានពលីកម្មជីវិតដើម្បីជាតិរួចទៅហើយ។ សម្តេចបានសង្កត់ធ្ងន់ថា ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្តាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្តាច់ក្នុងក្របខណ្ឌអាស៊ាន និងអាស៊ីបូព៌ា។ ជាចុងក្រោយ សម្តេចតេជោបានបញ្ជាក់ថា ការវិលទៅរកសន្តិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះ-ឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះ ប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាពចាញ់-ចាញ់ទាំងសងខាង៕
