(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានបញ្ជាក់សារជាថ្មីនូវជំហរដាច់ខាតថា តាំងពីព្រំដែនកម្ពុជា-ថៃត្រូវបានបិទមក កម្ពុជាពុំដែលបានទៅស្នើសុំឱ្យមានការបើកឡើងវិញឡើយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីព្រំដែននេះបន្តបិទអស់ ១០០ឆ្នាំទៀត ក៏កម្ពុជាពុំទៅស្នើសុំបើកវិញដែរ។

ថ្លែងក្នុងនាមព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈបំផុត ក្នុងឱកាសពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះរាល់សំណើរណាមួយដែលចង់ទៅសុំបើកព្រំដែនកម្ពុជា-ថៃឡើងវិញ។ សម្តេចបានបន្ថែមថា រឿងនេះយើងគ្រប់គ្នាបានដឹងហើយថា ភាគីថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានរំលេចថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពផលិតទំនិញផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែក។
យោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ គឺភាគីទាំងពីរកំពុងតែលេងល្បែងដែលនាំឱ្យចាញ់រៀងៗខ្លួនដូចគ្នា។ ទោះជាយ៉ាងណា សម្តេចបានប្រៀបធៀបថា យើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ ខណៈដែលថៃលោតខ្ពស់ធ្លាក់មកវិញក៏ឈឺខ្លាំងជាង។
ប្រភព៖ ក្រសួងព័ត៌មាន
