អាមេរិក​បង្ក្រាប​កប៉ាល់​គ្រឿងញៀន​នៅ​ប៉ាស៊ីហ្វិក ស្លាប់​៣​នាក់! ស្របច្បាប់​ឬ​ទេ?

អាមេរិក​បង្ក្រាប​កប៉ាល់​គ្រឿងញៀន​នៅ​ប៉ាស៊ីហ្វិក ស្លាប់​៣​នាក់! ស្របច្បាប់​ឬ​ទេ?

ទីក្រុង​វ៉ាស៊ីនតោន៖ ថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ម្ដង​ទៀត​ទៅលើ​កប៉ាល់​ល្បឿន​លឿន​ដែល​សង្ស័យ​ថា​ជា​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣​នាក់​បាន​បាត់បង់ជីវិត។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​បញ្ចកោណ។

បញ្ជាការដ្ឋាន​យោធា​អាមេរិក​ប្រចាំ​តំបន់​ភាគខាងត្បូង​បាន​ឲ្យដឹង​នៅលើ​បណ្ដាញ​សង្គម​ថា ភ្នាក់ងារ​សម្ងាត់​របស់​ខ្លួន​បាន​ទទួល​ព័ត៌មាន​ថា កប៉ាល់​នោះ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ច្រក​សមុទ្រ​ដែល​ក្រុម​ឈ្មួញ​ខុសច្បាប់​តែងតែ​ប្រើប្រាស់​ជា​ប្រចាំ។

សេចក្ដីប្រកាស​ដដែល​បាន​អះអាង​ថា កប៉ាល់​នោះ​កំពុង​ធ្វើដំណើរ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ មុននឹង​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​នៃ «ក្រុម​បេសកកម្ម​លំពែង​ភាគខាងត្បូង» បាញ់​ប្រហារ​ដោយ​មីស៊ីល។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​ករណី​វាយប្រហារ​ទូក​គ្រឿងញៀន​ដែល​សហរដ្ឋអាមេរិក​បាន​អនុវត្ត​កើន​ដល់ ២១​ករណី​ហើយ ចាប់តាំងពី​ដើមខែ​កញ្ញា​មក។ អាមេរិក​បាន​ចាត់ទុក​ការវាយប្រហារ​ទាំងនេះ​ថា​ជា​ទង្វើ​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ទប់ស្កាត់​ការ​ហូរចូល​គ្រឿងញៀន​មកកាន់​ប្រទេស​ខ្លួន។ សរុប​ទាំង​មុន និង​ក្រោយ ការវាយប្រហារ​ទាំងនេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៨០​នាក់​បាត់បង់ជីវិត។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​មន្ទីរ​បញ្ចកោណ។

ទោះជាយ៉ាងណា ក្រុម​អ្នកតំណាងរាស្ត្រ​អាមេរិក ក្រុម​សិទ្ធិមនុស្ស និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​លើកឡើង​ជា​សំណួរ​ថា តើ​វិធានការ​បាញ់ប្រហារ​នេះ​ពិតជា​ស្របច្បាប់​ដែរ​ឬទេ? រដ្ឋបាល​លោក​ត្រាំ​បាន​អះអាង​ថា ខ្លួន​មាន​ដែន​សមត្ថកិច្ច​ផ្នែក​ច្បាប់​ពេញលេញ​ដើម្បី​ធ្វើការ​វាយប្រហារ​ទាំងនេះ។ ក្រសួង​យុត្តិធម៌​អាមេរិក​ក៏បាន​បញ្ចេញ​យោបល់​ស្របគ្នា​ថា នេះ​ជា​ទង្វើ​ស្របច្បាប់​ផងដែរ ដោយ​ថែមទាំង​បញ្ជាក់​ថា បុគ្គលិក​យោធា​អាមេរិក​ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហារ​នេះ​មាន​អភ័យឯកសិទ្ធិ​ពិសេស អាច​រួចផុត​ពី​ទោសកំហុស​គ្រប់យ៉ាង។

ក្នុង​ព្រឹត្តិការណ៍​មួយទៀត រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ម៉ៃ​ក៍​ប៉ុម​ប៉េ​អូ បាន​ថ្លែង​ថា ក្រសួង​របស់​លោក​នឹង​ដាក់បញ្ចូល​ក្រុម​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Cartel de los Soles ទៅជា​អង្គការ​ភេរវកម្ម​គ្រឿងញៀន។ នេះ​មានន័យ​ថា ចាប់ពីពេលនេះ​តទៅ បុគ្គល​ណា​ម្នាក់​នៅ​សហរដ្ឋអាមេរិក​ដែល​ផ្ដល់​ការគាំទ្រ​ដល់​ក្រុម​នេះ នឹងត្រូវ​ចាត់ទុកថា​ជា​ទង្វើ​ខុសច្បាប់។ អាមេរិក​ចោទប្រកាន់​ថា ក្រុម​កាថែល​នេះ​បាន​សហការ​ជាមួយ​ក្រុម​ឧក្រិដ្ឋកម្ម​មួយទៀត ដើម្បី​នាំចូល​គ្រឿងញៀន​មកកាន់​សហរដ្ឋអាមេរិក។ រដ្ឋបាល​លោក​ត្រាំ​បាន​ចោទប្រកាន់​ថា ប្រធានាធិបតី​វេណេហ្ស៊ូអេឡា លោក ម៉ាឌូរ៉ូ គឺ​ជា​ប្រធាន​ក្រុម Cartel de Los Soles នេះ។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ និង​ប្រភព​ដទៃទៀត។

administrator

Related Articles