សោកនាដកម្មបាក់ដីនៅឥណ្ឌូនេស៊ី! ស្លាប់១៨នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្រុមជួយសង្គ្រោះជួបការលំបាក

សោកនាដកម្មបាក់ដីនៅឥណ្ឌូនេស៊ី! ស្លាប់១៨នាក់ និងរាប់សិបនាក់ទៀតបាត់ខ្លួន ក្រុមជួយសង្គ្រោះជួបការលំបាក

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា គ្រោះថ្នាក់បាក់ដីដ៏សោកសៅដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅតំបន់ចំនួនពីរ ក្នុងខេត្តកោះជ្វាកណ្ដាល ប្រទេសឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៨ នាក់ ខណៈរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួនយ៉ាងអាថ៌កំបាំង។

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បានឱ្យដឹងថា ការបាក់ដីដ៏ធំមួយ កាលពីសប្ដាហ៍មុន នៅទីក្រុង Cilacap បានកប់ផ្ទះរាប់សិបខ្នង នៅក្នុងភូមិ Cibeunying ឱ្យលិចទៅក្រោមដីដែលមានកម្រាស់ពី ៣ ទៅ ៨ ម៉ែត្រ។ ស្ថានភាពនេះ បានធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះជួបការលំបាកជាខ្លាំង ក្នុងការរុករកជនរងគ្រោះដែលជាប់នៅក្រោមស្រទាប់ភក់ និងកម្ទេចកម្ទីដ៏ជ្រៅ។

លោក M. Abdullah ប្រធានផ្នែកមូលដ្ឋាននៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បានបញ្ជាក់ថា គ្រោះមហន្តរាយនៅ Cilacap នេះ បានបណ្ដាលឱ្យមនុស្ស ១៦ នាក់បាត់បង់ជីវិត ខណៈ ៧ នាក់ទៀត នៅតែបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃចន្ទ។ តាមរយៈវីដេអូរបស់ទូរទស្សន៍ KompasTV បានបង្ហាញពីការដាក់ពង្រាយម៉ាស៊ីនអេស្កាវ៉ាទ័រជាច្រើនគ្រឿង ដើម្បីជីកកកាយឆ្លងកាត់ផ្ទៃដីដ៏ក្រាស់ឃ្មឹក។

ជាមួយគ្នានេះ ទីភ្នាក់ងារ BNPB ក៏បានឱ្យដឹងដែរថា ក្នុងឧបទ្ទវហេតុបាក់ដីដាច់ដោយឡែកមួយទៀត កាលពីថ្ងៃសៅរ៍ នៅស្រុក Banjarnegara មនុស្ស ២ នាក់បានស្លាប់ និង ២៧ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន។ ការបាក់ដីនេះ បានបំផ្លាញផ្ទះប្រហែល ៣០ ខ្នង និងតំបន់កសិកម្មមួយចំនួនធំ។

ទីភ្នាក់ងារឧតុនិយមរបស់ឥណ្ឌូនេស៊ី បានព្រមានថា រដូវវស្សាបានចាប់ផ្ដើមតាំងពីខែកញ្ញា ហើយត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ខែមេសា ឆ្នាំក្រោយ ដែលបង្កើនហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងគ្រោះបាក់ដីបន្ថែមទៀត។

administrator

Related Articles