បង្ក្រាបធំ! កម្លាំងនគរបាលភ្នំពេញបោសសម្អាតក្រុមក្មេងទំនើង២០នាក់ ពាក់ព័ន្ធហិង្សានិងប្លន់ ក្នុងរយៈពេល៤ថ្ងៃ

បង្ក្រាបធំ! កម្លាំងនគរបាលភ្នំពេញបោសសម្អាតក្រុមក្មេងទំនើង២០នាក់ ពាក់ព័ន្ធហិង្សានិងប្លន់ ក្នុងរយៈពេល៤ថ្ងៃ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបដ៏កក្រើកមួយ ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ២០នាក់ (ស្រីម្នាក់) រួមជាមួយវត្ថុតាងកាំបិត ដាវ និងដុំថ្មជាច្រើន ក្រោយពីបានពួនស្ទាក់ និងស្រាវជ្រាវអស់រយៈពេល ៤ថ្ងៃពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថា ការឃាត់ខ្លួននេះ គឺអនុវត្តតាមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងជំនាញសហការជាមួយបណ្តាខណ្ឌនានា បានធ្វើការស្រាវជ្រាវ និងបង្ក្រាបជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកវរសេនីយ៍ឯក ម៉ម សាវន បានបន្តទៀតថា ជនសង្ស័យទាំងនោះបានប្រព្រឹត្តបទល្មើសចំនួន ៣ករណីផ្សេងគ្នា៖

**ករណីទី១៖** បង្កហិង្សាដោយចេតនា នៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងកោះពេជ្រ ផ្លូវផ្សាររាត្រី កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១:៣០ នាទីយប់ ដោយក្រុម “បឹងត្របែក (BTB)” ។

**ករណីទី២៖** ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដោយប្រើដុំថ្ម កាំបិតប៉័ងតោ ព្រួតគ្នាវាយ ដេញគប់ និងកាប់ជនរងគ្រោះ នៅមុខផ្សារ K-MALL មហាវិថីចោមចៅ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១:៣០ នាទីយប់។

សម្រាប់ករណីទាំងពីរនេះ សមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦នាក់ រួមមាន៖ ជា អូ (២១ឆ្នាំ), អឹម ចាន់វិបុល (១៩ឆ្នាំ), ហត រ៉ូសា (១៨ឆ្នាំ), ខេង សុភ័ស្ស (១៩ឆ្នាំ), ផល សំនិត (១៨ឆ្នាំ), លាក់ ស៊ីមី (កើតឆ្នាំ២០០៧), យ៉ន សុខជា (១៩ឆ្នាំ), យ៉េប រ៉ូហ្សាណូ (១៨ឆ្នាំ), ប្រាក់ មុន្នីពេជ្យ (ស្រី កើតឆ្នាំ២០០៧), កន មេត្តា (កើតឆ្នាំ២០០៧), ហង្ស រតនៈ (១៨ឆ្នាំ), អាត រស្មី (១៨ឆ្នាំ), ពៅ ពិសី (១៨ឆ្នាំ), យុទ្ធ វិច្ឆិកា (១៨ឆ្នាំ), លី គីមឡេង (១៨ឆ្នាំ), និង អី កុម ភក្ត្រា (កើតឆ្នាំ២០០៦)។ វត្ថុតាងដែលដកហូតបានរួមមាន កាំបិតប៉័ងតោ ១ដើម និងដុំថ្ម ៣ដុំ។


**ករណីទី៣៖** អំពើលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា (កាប់ប្លន់ម៉ូតូ) នៅចំណុចបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ កាលពីវេលាម៉ោងប្រហែល ៣:៤៣ នាទីយប់ទៀបភ្លឺ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមទាំងអ្នកទទួលផលចោរកម្ម ២នាក់ គឺ៖ នួន ធាន (២៧ឆ្នាំ), វិន ចាន់ខា (២៦ឆ្នាំ), មិន ចាន់ឬទ្ធី (៣៩ឆ្នាំ), និង មាច ថាវរុន (៣៤ឆ្នាំ)។



បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles