សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនខ្លាចវាយតប តែជ្រើសរើសផ្លូវសន្តិភាព និងការពារខ្លួនដោយស្ងៀមស្ងាត់!

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនខ្លាចវាយតប តែជ្រើសរើសផ្លូវសន្តិភាព និងការពារខ្លួនដោយស្ងៀមស្ងាត់!

ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងយ៉ាងច្បាស់ៗអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ថា៖ «ពាក្យប្រមាថខ្លះទុកឱ្យគេប្រមាថចុះ យើងមិនអួតអាងអ្វីទេ តែយើងមានសិទ្ធិការពារខ្លួនរបស់យើង»។ សម្តេចតេជោបានលើកឡើងថា ករណីនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យកន្លងទៅ គឺគេចង់ញុះញង់ឱ្យកម្ពុជាផ្ទុះអាវុធ។ សម្តេចបានសួរទៅសាធារណមតិវិញថា តើលទ្ធផលនឹងទៅជាយ៉ាងណា បើកម្ពុជាជ្រើសរើសផ្លូវនេះ? ទោះបីមានការញុះញង់ឥតឈប់ឈរ សូម្បីតែបាញ់ជំពាមកៅស៊ូ ក៏រាជរដ្ឋាភិបាលបានណែនាំកងទ័ពឱ្យរក្សាភាពស្ងប់ស្ងាត់ មិនតបតឡើយ ដើម្បីគោរពបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពរវាងកម្ពុជា-ថៃ ដែលមានការដឹងឮពីម៉ាឡេស៊ី សហរដ្ឋអាមេរិក ចិន និងសហគមន៍អន្តរជាតិ។ ការថ្លែងបញ្ជាក់នេះធ្វើឡើងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បើកម្ពុជាឆ្លើយតបខ្លាំងៗ វានឹងវិវត្តទៅជាជម្លោះពាក្យសម្តី ដែលគេកំពុងរង់ចាំមើល។ ដូច្នេះហើយ ទើបកម្ពុជា «ស្ងាត់ តែមិនស្ងៀម»។ សម្តេចបានទទួលស្គាល់ពីកំហុសខ្វះខាតកាលពីមុន ដែលមិនបានបំពាក់អាវក្រោះគ្រប់គ្រាន់ដល់កងទ័ព។ ប៉ុន្តែបច្ចុប្បន្ន វិស័យការពារជាតិបានត្រៀមលក្ខណៈលើសពីគ្រប់គ្រាន់ទៅហើយ ហើយអ្វីៗត្រូវបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់។ ឆាប់ៗនេះ កម្ពុជានឹងមានម៉ាក «DSS» ផ្ទាល់ខ្លួន សម្រាប់ផលិតអាវក្រោះបំពាក់ឱ្យកងទ័ព និងឈានដល់ការនាំចេញទៀតផង។

ចំពោះចម្ងល់សាធារណមតិដែលថា ហេតុអ្វីកម្ពុជានៅស្ងៀមចំពោះករណីទាហានថៃបាញ់ប្រហារមកលើអ្នកភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់នោះ សម្តេចតេជោបានសួរបកទៅវិញថា៖ «បើយើងផ្ទុះអាវុធនៅពេលនោះ តើនឹងមានមនុស្សស្លាប់ត្រឹមតែមួយ និងរបួសបីនាក់ទេ? គឺវាលើសពីនោះទៅទៀត ទាំងខាងថៃក៏ស្លាប់ច្រើន ទាំងយើងក៏ត្រូវស្លាប់រហូតដល់ស៊ីសុផុនដែរ»។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «យើងត្រូវនិយាយគ្នាឱ្យច្បាស់ត្រង់ចំណុចនេះ។ យើងមិនមែនខ្លាចវាយតបទេ តែបើវាយតប តើផលចំណេញមកវិញយ៉ាងម៉េច? វាបំផ្លាញកិច្ចព្រមព្រៀងបទឈប់បាញ់ បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាព តើវាគួរដែរឬទេ?» សម្តេចក៏បានជំរុញឱ្យអ្នករិះគន់ខាងក្រៅ ថ្កោលទោសអ្នកដែលបានបាញ់ប្រជាជនកម្ពុជាស្លាប់ និងរបួសជាមុនសិន។ (ប្រភព៖ ក្រសួងព័ត៌មាន)

administrator

Related Articles