អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះពលរដ្ឋជាច្រើនខ្នងនៅច្បារអំពៅ ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះពលរដ្ឋជាច្រើនខ្នងនៅច្បារអំពៅ ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនធំ បានក្លាយទៅជាចំណីភ្លើងអស់ស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចជំនាញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ប្រជាពលរដ្ឋបានប្រទះឃើញផ្សែងហុយចេញពីផ្ទះកើតហេតុខាងលើយ៉ាងខ្លាំង រួចក៏បានបង្កទៅជាអណ្តាតភ្លើងឆាបឆេះរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀតយ៉ាងលឿន។

ភ្លាមៗនោះ ពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន ហើយបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ ក្រោយទទួលដំណឹង សមត្ថកិច្ចមូលដ្ឋានក៏ប្រញាប់ទាក់ទងទៅកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

ក្រោយប្រតិបត្តិការពន្លត់បានបញ្ចប់ កម្លាំងជំនាញបានប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង។ ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ គឺគ្រាន់តែខូចខាតផ្ទះពលរដ្ឋជាច្រើនខ្នង រួមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនធំតែប៉ុណ្ណោះ។

ចំពោះមូលហេតុពិតប្រាកដនៃការឆេះ សមត្ថកិច្ចជំនាញនឹងបន្តធ្វើការស្រាវជ្រាវនៅពេលក្រោយ។

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles