ប្រទេសអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ហេតុនេះ រដ្ឋាភិបាលបានដាក់ចេញនូវប្រតិបត្តិការបង្កើតពពកភ្លៀងតាមបែបបច្ចេកវិទ្យា កាលពីចុងសប្ដាហ៍កន្លងទៅ។
ជាក់ស្ដែង សារធាតុ Silver Iodide (IODURE D’ARGENT) ត្រូវបានបាញ់រោយតាមយន្តហោះដោយផ្ទាល់ទៅក្នុងពពក ដើម្បីជំរុញឲ្យពពកទម្លាក់ភ្លៀង។ កាលពីឆ្នាំមុន អ៊ីរ៉ង់ក៏ធ្លាប់បានប្រកាសថា ខ្លួនបានបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួនសម្រាប់បច្ចេកទេសនេះផងដែរ។
ប្រទេសដទៃទៀតក្នុងតំបន់ ដូចជាអារ៉ាប់រួម ក៏ប្រើប្រាស់បច្ចេកវិទ្យាបង្កើតពពកនេះ ដើម្បីបង្កើនភ្លៀងសិប្បនិម្មិត។
ប៉ុន្តែវិធីសាស្ត្របែបនេះ នៅតែមានភាពចម្រូងចម្រាស់ច្រើន ដោយសារវាត្រូវបានគេមើលឃើញថាមិនមែនជាដំណោះស្រាយស្ថិតស្ថេរមួយ ដើម្បីប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុឡើយ ហើយប្រសិទ្ធភាពទ្រង់ទ្រាយធំរបស់វាក៏នៅមិនទាន់ច្បាស់លាស់នៅឡើយ។
ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានគូសបញ្ជាក់កាលពីថ្ងៃទី១៥ ខែវិច្ឆិកាថា យន្តហោះបានបាញ់សារធាតុបង្កើតពពក។ ប្រតិបត្តិការនោះត្រូវបានធ្វើឡើងនៅតំបន់បឹងអ៊ួមៀ (Urmia) ដែលជាបឹងធំជាងគេបំផុតរបស់អ៊ីរ៉ង់ស្ថិតនៅភាគពាយ័ព្យប្រទេស ដែលរងការរាំងស្ងួតខ្លាំង។ បេសកកម្មផ្សេងៗទៀតក៏គ្រោងធ្វើនៅក្នុងខេត្ត Azerbaijan ខាងកើត និងខេត្ត Azerbaijan ខាងលិចផងដែរ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា មូលដ្ឋានជាច្រើននៅភាគខាងលិច និងភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ទីបំផុតបានទទួលទឹកភ្លៀង។ រូបភាពវីដេអូបានបង្ហាញពីភ្លៀងធ្លាក់ខ្លាំងនៅ Ahvaz និងនៅ Shushtar ព្រមទាំងនៅ Salmas, Urmia និង Abdanan។ គួរឲ្យកត់សម្គាល់ នៅកន្លែងមួយចំនួន ភ្លៀងបានបង្កឲ្យមានទឹកជំនន់ផងដែរ។
