ក្រុមជ្រុលនិយមថៃ ត្រៀមបាតុកម្មធំ គំរាមលុកលុយស្ថានទូតអាមេរិក និងម៉ាឡេស៊ី នៅថ្ងៃទី២២ វិច្ឆិកា!

ក្រុមជ្រុលនិយមថៃ ត្រៀមបាតុកម្មធំ គំរាមលុកលុយស្ថានទូតអាមេរិក និងម៉ាឡេស៊ី នៅថ្ងៃទី២២ វិច្ឆិកា!

បាងកក៖ ក្រុមជ្រុលនិយមថៃមួយ ដែលមានឈ្មោះថា «កម្លាំងសាមគ្គីរបស់ជាតិដើម្បីការពារអធិបតេយ្យភាព» បានចេញមុខប្រកាសកៀរគរប្រជាពលរដ្ឋឲ្យចូលរួមធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រមូលផ្ដុំនេះ គឺមានបំណងតវ៉ា និងអាចឈានដល់ការលុកលុយស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតម៉ាឡេស៊ី ដែលស្ថិតនៅក្នុងទីក្រុងបាងកកផ្ទាល់តែម្ដង។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Amarin កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមជ្រុលនិយមនេះ ដឹកនាំដោយលោក Chatuporn Prompan, លោក Nitithorn Lamluea, លោក Phichit Chaiyamongkol, លោក Somchai Saengkan និងលោក Jessada Tonawanik បានធ្វើសន្និសីទសារព័ត៌មាននៅស្ថានីយទូរទស្សន៍ Peace ដោយបានថ្លែងយ៉ាងច្បាស់ថា ពួកគេមិនពេញចិត្តដាច់ខាតចំពោះការលូកដៃរបស់សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ចូលក្នុងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

ក្រុមនេះបានអំពាវនាវដល់ពលរដ្ឋថៃទាំងអស់ ឲ្យមកជួបជុំគ្នា កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹក តទៅ នៅមុខស្ថានទូតម៉ាឡេស៊ី ជាមុនសិន បន្ទាប់មកនឹងបន្តទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីបន្តការធ្វើបាតុកម្ម។ ពួកគេបានចោទប្រកាន់ថា សហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានសមគំនិតគ្នាក្នុងការបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពរវាងកម្ពុជា-ថៃ។

លើសពីនេះ ក្រុមជ្រុលនិយមខាងលើ ក៏បានចោទចំៗទៅលើសហរដ្ឋអាមេរិកថា បានយកប្រទេសកម្ពុជា និងម៉ាឡេស៊ី ធ្វើជាឧបករណ៍ក្រោមគោលនយោបាយយុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» របស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ពួកគេក៏បានបញ្ជាក់ដែរថា ជំហររបស់អាមេរិក និងម៉ាឡេស៊ី ពិតជាខ្វះអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនបានផ្ដល់តម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីបន្តិច។

គួរបញ្ជាក់ជាថ្មីថា ក្រុមជ្រុលនិយមថៃប្រភេទនេះហើយ ដែលតែងតែបង្កភាពតានតឹងនាំឲ្យកើតមានជម្លោះ និងសង្គ្រាម ហើយមិនដែលបង្ហាញក្ដីប្រាថ្នាចង់បានសន្តិភាពសោះឡើយ។ ពួកគេតែងតែប្រឆាំងជំទាស់រាល់ដំណោះស្រាយការទូត ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបញ្ហាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
រូបថត៖ (Amarin)

administrator

Related Articles