ភ្នំពេញ៖ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិក កំពុងឡើងកម្តៅជាពិសេសបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធលើទីក្រុងបាងកកឱ្យគោរពឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ឆ្លើយតបនឹងស្ថានភាពនេះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាភ្លាមៗឱ្យផ្អាកការបញ្ជាទិញយន្តហោះចម្បាំង F-16 និងយន្តហោះដទៃទៀតពីសហរដ្ឋអាមេរិក។ ដំណឹងដ៏រសើបនេះត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកយោធាថៃ (Thai Army) និងផេកល្បីៗជាច្រើនទៀតកាលពីថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការសម្រេចចិត្តបញ្ឈប់ការបញ្ជាទិញនេះ ត្រូវបានគេយល់ថាជាប្រតិកម្មផ្ទាល់បន្ទាប់ពីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីជាមួយថៃ ដោយដាក់លក្ខខណ្ឌឱ្យរដ្ឋាភិបាលថៃត្រូវប្ដេជ្ញាចិត្តសាជាថ្មីចំពោះសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាពជាមួយកម្ពុជា។ ក្រសួងការបរទេសថៃបានសម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាមេរិកនេះ ដោយសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខរវាងថៃ-កម្ពុជាមិនគួរត្រូវបានលាយឡំជាមួយនឹងបញ្ហាពាណិជ្ជកម្មថៃ-អាមេរិក ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេ។
បច្ចុប្បន្ន ថៃមានយន្តហោះចម្បាំង F-16 Fighting Falcon ប្រមាណ ៥៤ គ្រឿង ដែលបានទិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ដោយយន្តហោះជាច្រើនបានចាប់ផ្ដើមបម្រើការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០។ ថៃក៏ត្រូវបានគេស្គាល់ផងដែរថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានទិញយន្តហោះ F-16A/B មួយចំនួនធំពីឃ្លាំងស្តុកសព្វាវុធរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ក្រសួងការពារជាតិសហរដ្ឋអាមេរិក តម្លៃសម្រាប់ម៉ូដែល F-16A/B ដែលថៃបានទិញគឺចន្លោះពី ៣០ ទៅ ៦០ លានដុល្លារ ឬច្រើនជាងនេះក្នុងមួយគ្រឿងៗ។
យ៉ាងណាមិញ កងទ័ពអាកាសថៃថ្មីៗនេះបានសម្រេចចិត្តទិញយន្តហោះចម្បាំង JAS-39 Gripen E/F របស់ប្រទេសស៊ុយអែតវិញសម្រាប់កងយន្តហោះចម្បាំងនាពេលអនាគតរបស់ខ្លួន ជំនួសឱ្យម៉ូដែលចុងក្រោយ F-16 Block 70/72 ដោយសារតែកត្តាដូចជាលក្ខខណ្ឌប្រាក់កម្ចី និងការចុះសម្រុងតាមយុទ្ធសាស្ត្ររវាងថៃ-អាមេរិក។ ការផ្លាស់ប្ដូរនេះបង្ហាញពីការកែសម្រួលយុទ្ធសាស្ត្រការពារជាតិរបស់ថៃក្នុងការស្វែងរកជម្រើសផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិក។
