ខេត្តបាត់ដំបង៖ ករណីដ៏ឃោរឃៅមួយបានកើតឡើងចំពោះនារីពលករខ្មែរម្នាក់ ក្នុងចំណោមពលករប្រុសស្រីជាង១០នាក់ ដែលបានរងការចាប់រំលោភបូកពីសំណាក់ក្រុមទាហានឈុតខ្មៅថៃយ៉ាងតិច៧នាក់។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលក្រុមពលករធ្វើដំណើរត្រឡប់ពីប្រទេសថៃមកកាន់មាតុភូមិវិញ។ ក្រៅពីការរំលោភបូក ក្រុមទាហានទាំងនោះក៏បានវាយដំធ្វើទារុណកម្មលើពលករប្រុសៗ និងប្លន់យកទូរស័ព្ទ ក៏ដូចជាលុយកាក់អស់គ្មានសល់ផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែន។

តាមសេចក្តីរាយការណ៍ អំពើព្រៃផ្សៃរបស់ទាហានថៃនេះ បានកើតឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ខណៈក្រុមពលករខ្មែរចំនួន១៣នាក់ (ក្នុងនោះមានស្ត្រី៦នាក់ និងក្មេងតូចម្នាក់) កំពុងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកដល់ជិតព្រំដែនកម្ពុជា-ថៃ ជាប់នឹងស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមពលករខ្មែរទាំងនេះបានឆ្លងអូរព្រំដែនចូលមកកាន់ប្រទេសកំណើតវិញនៅម៉ោងប្រហែល១០យប់ថ្ងៃទី១៥ ខែវិច្ឆិកា តាមច្រករបៀងមួយកន្លែងក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែន «ស្វាយចេក» ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង។ ក្រុមពលករទាំង១៣នាក់បានរួចផុតពីកណ្តាប់ដៃទាហានថៃ បន្ទាប់ពីពួកគេបានវាយធ្វើទារុណកម្ម និងចាប់រំលោភលើនារីខ្មែរម្នាក់យ៉ាងឃោរឃៅរួចមក។
នារីខ្មែររងគ្រោះ ដែលត្រូវក្រុមទាហានឈុតខ្មៅថៃចំនួន៧នាក់ព្រួតគ្នាចាប់រំលោភនោះ មានឈ្មោះ ធ.ស.ហ អាយុ១៨ឆ្នាំ។ ក្រុមពលករខ្មែរទាំងនោះមិនបានចាំ ឬស្គាល់ទីតាំងជាក់លាក់ដែលទាហានថៃចាប់វាយធ្វើបាបនោះទេ ប៉ុន្តែពួកគេបាននិយាយថា អំពើព្រៃផ្សៃនេះបានកើតឡើងនៅក្នុងទឹកដីថៃ នៅពេលពួកគេធ្វើដំណើរតាមរថយន្តមកជិតដល់ព្រំដែនកម្ពុជា-ថៃ។
តាមការរៀបរាប់ពីក្រុមពលករខ្មែរ បានឱ្យដឹងថា ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក្រុមទាហានឈុតខ្មៅបានឃាត់រថយន្តដែលពួកគេជិះ ហើយបង្ខំឱ្យចុះដើម្បីសាកសួរ។ ក្នុងពេលសួរនាំ ពួកទាហានថៃបានវាយធ្វើបាបពលករខ្មែរទាំងអស់ ជាពិសេសពលករប្រុសៗត្រូវបានវាយដំយ៉ាងសាហាវឃោរឃៅ ដោយមានទាំងការទាត់ ធាក់ និងអុកនឹងស្វ័យកាំភ្លើងថែមទៀតផង។
ប្រភពដដែលបានដកស្រង់សម្តីពីពលករទៀតថា ស្របពេលដែលទាហានថៃកំពុងវាយធ្វើទារុណកម្មលើពួកគេ ស្រាប់តែពួកវាបានអូសនារីវ័យក្មេងម្នាក់ (ជនរងគ្រោះខាងលើ) យកទៅចាប់រំលោភយ៉ាងឃោរឃៅបំផុត ដែលមានគ្នាយ៉ាងតិច៧នាក់បានព្រួតគ្នាប្រព្រឹត្តអំពើនេះ។ ក្រុមពលករបានបញ្ជាក់ថា ក្រោយពីវាយធ្វើបាបពលករខ្មែរអស់ចិត្ត ពួកទាហានថៃបានប្លន់យកលុយពីក្រុមពលករអស់ប្រមាណ៦,៥០០បាត និងទូរស័ព្ទចំនួន០៤គ្រឿង ទើបពួកគេដោះលែងឱ្យបន្តដំណើរឆ្លងអូរព្រំដែនទាំងកណ្តាលយប់ ត្រឡប់ចូលដីខ្មែរវិញ។
ក្រុមពលករខ្មែរទាំង១៣នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនប្រចាំប៉ុស្តិ៍ «ស្វាយចេក» សហការជាមួយកម្លាំងយោធាការពារព្រំដែននៅតំបន់នោះ ទទួលយក និងនាំទៅប្រគល់ជូនក្រុមការងារ «មណ្ឌលទទួលពលករ» ប្រចាំស្រុកកំរៀង ក្រោយបញ្ចប់ការសួរនាំបឋមនៅប៉ុស្តិ៍ព្រំដែន។
មន្ត្រីដែលទទួលបន្ទុកការងារនេះបានប្រាប់ដែរថា ក្រោយពីបានសួរនាំក្រុមពលករទាំងនោះ ក្រុមការងារបានបញ្ជូនក្រុមពលករ ជាមួយនឹងនារីរងគ្រោះទៅកាន់មណ្ឌលសុខភាពហើយ ដើម្បីពិនិត្យសុខភាពពួកគេ ជាពិសេសនារីរងគ្រោះដែលត្រូវក្រុមទាហានតិរច្ឆានថៃចាប់រំលោភបូក។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព។
