តម្លៃបន្ទះឈីប Samsung ហក់ឡើង ៦០% ឯកង្វះការផ្គត់ផ្គង់ និងតម្រូវការ AI កំពុងកើនឡើង!

តម្លៃបន្ទះឈីប Samsung ហក់ឡើង ៦០% ឯកង្វះការផ្គត់ផ្គង់ និងតម្រូវការ AI កំពុងកើនឡើង!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានធ្វើការដំឡើងថ្លៃបន្ទះឈីបអង្គចងចាំរបស់ខ្លួនយ៉ាងគំហុក រហូតដល់ ៦០% ចាប់តាំងពីខែកញ្ញា ខណៈដែលតម្រូវការសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងកើនឡើងខ្លាំងទូទាំងសកលលោក បណ្តាលឱ្យមានកង្វះខាតការផ្គត់ផ្គង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្តីពីប្រភពពីរ។

ការដំឡើងថ្លៃនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតនៅលើពិភពលោក បានពន្យារពេលការប្រកាសតម្លៃកិច្ចសន្យាប្រចាំខែតុលារបស់ខ្លួន ខណៈដែលជាធម្មតាតម្លៃត្រូវបានកំណត់ជារៀងរាល់ខែ។

បន្ទះឈីបអង្គចងចាំទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងម៉ាស៊ីនមេ (Servers)។ ការឡើងថ្លៃយ៉ាងគំហុករបស់ Samsung នឹងដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមហ៊ុនធំៗ ដែលចង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធទិន្នន័យរបស់ពួកគេ។ វាក៏អាចនឹងបង្កើនតម្លៃផលិតផលប្រើប្រាស់បន្ទះឈីបទាំងនេះផងដែរ ដូចជាទូរសព្ទឆ្លាតវៃ និងកុំព្យូទ័រ។

មកទល់ពេលនេះ ក្រុមហ៊ុន Samsung មិនទាន់មានប្រតិកម្មជុំវិញបញ្ហានេះនៅឡើយទេ។ តែដោយឡែក កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីមួយទៀតនៅប្រទេសកូរ៉េខាងត្បូង ដោយរំពឹងទុកថា AI នឹងក្លាយជាកម្លាំងចលករជំរុញតម្រូវការទាំងរយៈពេលមធ្យម និងវែង។

នាយកប្រតិបត្តិក្រុមហ៊ុនក្នុងវិស័យឧស្សាហកម្ម និងអ្នកវិភាគជាច្រើនបានសម្តែងការព្រួយបារម្ភ ដោយលើកឡើងថា កង្វះខាតបន្ទះឈីបកាន់តែធ្ងន់ធ្ងរ រហូតដល់អតិថិជនមួយចំនួនកំពុងសម្រេចចិត្តទិញដោយមិនបង្អង់យូរ។ ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ចិន SMIC កាលពីថ្ងៃសុក្របានបញ្ជាក់ថា កង្វះខាតបន្ទះឈីបអង្គចងចាំបានធ្វើឱ្យអតិថិជនរបស់ពួកគេពន្យារពេលការបញ្ជាទិញបន្ទះឈីបផ្សេងទៀតដែលប្រើក្នុងផលិតផលរបស់ពួកគេ។

រីឯក្រុមហ៊ុនផលិតទូរសព្ទឆ្លាតវៃ Xiaomi ក៏បានព្រមានកាលពីខែមុនថា តម្លៃបន្ទះឈីបអង្គចងចាំដែលកើនឡើងខ្ពស់ បានបង្កើនថ្លៃដើមនៃការផលិតទូរសព្ទឆ្លាតវៃរបស់ខ្លួនផងដែរ។

administrator

Related Articles