អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បកស្រាយពីមូលដ្ឋានគ្រឹះទាំង៣ ក្នុងការរៀបចំថវិកាឆ្នាំ២០២៦ ដ៏ហ្មត់ចត់

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បកស្រាយពីមូលដ្ឋានគ្រឹះទាំង៣ ក្នុងការរៀបចំថវិកាឆ្នាំ២០២៦ ដ៏ហ្មត់ចត់

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ត្រូវបានអនុវត្តឡើងយ៉ាងហ្មត់ចត់ និងមានការពិចារណាគ្រប់ជ្រុងជ្រោយ។ លោកបានបន្ថែមថា ថវិកាឆ្នាំ២០២៦ នេះ គឺស្របតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៦-២០២៨ ដោយផ្អែកលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន៖ ទី១- និន្នាការថមថយនៃចំណូលរដ្ឋ។ ទី២- សម្ពាធនៃការកើនឡើងតម្រូវការចំណាយចាំបាច់ ជាពិសេសកិច្ចការការពារអធិបតេយ្យ និងបូរណភាពទឹកដី ប្រាក់សោធន កម្មវិធីគាំពារសង្គម បដិភាគនៃការវិនិយោគ និងសេវាបំណុល។ ទី៣- ការស្រកស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាល ដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិជាបន្តបន្ទាប់ ដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយ។

ការគូសបញ្ជាក់ដ៏សំខាន់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនៅក្នុងវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួនពីរ ជាមួយតំណាងរដ្ឋាភិបាល។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា។ រូបភាពនៃកិច្ចប្រជុំ

ទោះបីជាបានជួបប្រទះបញ្ហាប្រឈមជាច្រើនយ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គម្រោងថវិកាឆ្នាំ២០២៦ នេះ ត្រូវបានរៀបចំឡើងប្រកបដោយតុល្យភាពខ្ពស់ ដោយមិនចាំបាច់ប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលនោះឡើយ។ ជាមួយគ្នានេះ ថវិកាខាងលើក៏ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បីទ្រទ្រង់ស្ថិរភាព និងកំណើន»។ គោលនយោបាយនេះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងពេលវេលា និងខ្លឹមសារ ទៅតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០២២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ការរៀបចំនេះ គឺផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកាដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ រួមទាំងការផ្ទៀងផ្ទាត់ត្រឹមត្រូវនូវទិន្នន័យទាំងនេះជាមួយអាណាប័កពាក់ព័ន្ធ ទាំងថវិកាជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ រូបភាពនៃឯកសារ

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសាធារណៈសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួន។ នេះគឺជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតរាថយ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនប្រជាជន ក៏ដូចជាការពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីបន្តឈានទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលអនាគត។

administrator

Related Articles