ពង្រឹងការយល់ដឹង និងជំរុញ App NoDrug៖ អាជ្ញាធរស្រុកព្រៃនប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ពង្រឹងការយល់ដឹង និងជំរុញ App NoDrug៖ អាជ្ញាធរស្រុកព្រៃនប់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ចំណេះដឹងអំពីបញ្ហាគ្រឿងញៀន និងណែនាំការប្រើប្រាស់កម្មវិធីទូរស័ព្ទ “App NoDrug” ដល់មន្ត្រី និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកព្រៃនប់ជិត ២០០ នាក់។

រូបភាពអំពីការផ្សព្វផ្សាយគ្រឿងញៀន

ក្នុងនាមលោក ម៉ាង ស៊ីណេត អភិបាលខេត្ត លោកបណ្ឌិត អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានថ្លែងសង្កត់ធ្ងន់ពីស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ ក្នុងការប្រយុទ្ធប្រឆាំង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

រូបភាពអំពីកិច្ចប្រជុំ

ជាការថ្លែងក្នុងនាមលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការកោតសរសើរយ៉ាងជ្រាលជ្រៅពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ជាពិសេសអាជ្ញាធរស្រុកព្រៃនប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។

រូបភាពមន្ត្រីកំពុងថ្លែង

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ដែលជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានបន្ថែមទៀតថា ស្រុកព្រៃនប់ គឺជាស្រុកដំបូងគេដែលបានអនុវត្តការងារផ្សព្វផ្សាយដោយផ្ទាល់ដល់ប្រតិបត្តិករសំខាន់ៗ មានដូចជា មេឃុំ មេភូមិ និងនាយកសាលាទូទាំងស្រុក។ លោកបានទទូចស្នើឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយនេះឱ្យកាន់តែទូលំទូលាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ព្រមទាំងជំរុញការប្រើប្រាស់ App NoDrug ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ និងទប់ស្កាត់កុំឱ្យធ្លាក់ចូលក្នុងអន្ទាក់គ្រឿងញៀន។ លោកបានបិទបញ្ចប់ដោយពាក្យស្លោកថា “គ្មានគ្រឿងញៀន សហគមន៍សុខសាន្ត មានការអភិវឌ្ឍ”។

រូបភាពការចូលរួម
រូបភាពបង្ហាញ App NoDrug
រូបភាពអ្នកចូលរួម

administrator

Related Articles