តាកែវពន្លឿនចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ! ទូទាំងប្រទេសកើនដល់ជាង ២០ម៉ឺននាក់ហើយ!

តាកែវពន្លឿនចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ! ទូទាំងប្រទេសកើនដល់ជាង ២០ម៉ឺននាក់ហើយ!

(ខេត្តតាកែវ)៖ ក្រសួងព័ត៌មានបានផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា យុទ្ធនាការជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបានរៀបចំឡើងយ៉ាងផុសផុលនៅខេត្តតាកែវ ដោយមានអ្នកចូលរួមប្រមាណ ៣ពាន់នាក់ ក្រោមការសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។ នេះជាយុទ្ធនាការទី៦ហើយ បន្ទាប់ពីរាជធានីភ្នំពេញ បាត់ដំបង កំពង់ធំ សៀមរាប និងកំពង់ស្ពឺ ខណៈចំនួនអ្នកចុះឈ្មោះទូទាំងប្រទេសបានកើនលើសពី ២០ម៉ឺននាក់រួចទៅហើយ។

ក្នុងឱកាសយុទ្ធនាការនៅខេត្តតាកែវនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានជំរុញយ៉ាងខ្លាំងក្លាឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងខេត្ត មេត្តាចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាសម្រាប់រយៈពេលវែងតទៅមុខ។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបញ្ជាក់ថា ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺពិតជាត្រូវការតួអង្គសេដ្ឋកិច្ច ដែលភាគច្រើនលើសលប់ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យមានការរីកចម្រើនឆាប់រហ័ស និងឈានទៅមុខពីអាជីវកម្មខ្នាតតូចរបស់ខ្លួន។

ឯកឧត្តមបានពន្យល់លម្អិតអំពីអត្ថប្រយោជន៍នានាដែលនឹងទទួលបានពីការចុះឈ្មោះ រួមមាន៖ ការទទួលបានអត្តសញ្ញាណច្បាស់លាស់, លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ, អត្ថប្រយោជន៍របបសន្តិសុខសង្គម, ការបណ្តុះបណ្តាលជំនាញ, សេវាគាំពារសង្គម, ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។ មិនតែប៉ុណ្ណោះ អត្ថប្រយោជន៍ថ្មីៗជាច្រើនទៀតក៏កំពុងត្រូវបានរៀបចំជូនបងប្អូនដូចជា ការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយឌីជីថល រួមទាំងការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ផ្នែកឌីជីថលសម្រាប់អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនឹងប្រកាសជូននៅពេលឆាប់ៗខាងមុខ។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះសរុបចំនួន ២២០.៦៧៧ នាក់ហើយ។ ក្នុងចំណោមនោះ ខេត្តតាកែវជាប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដោយមានការស្នើសុំចុះឈ្មោះចំនួនជាង ១៥.៤៦៦ សំណើ ហើយយុទ្ធនាការបច្ចុប្បន្ននេះក៏មានគោលដៅសំខាន់ក្នុងការជំរុញការចុះឈ្មោះក្នុងខេត្តតាកែវឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles